រដ្ឋធានីវ៉ាស៊ីនតោន៖ អតីតទាហានម៉ារីនម្នាក់របស់សហរដ្ឋអាមេរិក បានរងនូវការចោទប្រកាន់ អំពីការទទួលប្រាក់ ជាង១០ម៉ឺនដុល្លារ ជាថ្នូរនឹងការជួយបណ្តុះបណ្តាល និង បង្ហាត់បង្រៀន អំពីរបៀបបើកយន្ដហោះចុះចត និង ហោះឡើង ចេញពីនាវាផ្ទុកយន្ដហោះ ហើយត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអូស្រ្ដាលី។
សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៣ ខែមករា ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ ប្រឆាំងនឹងលោក ដានីយ៉ែល ឌូគហ្គេន (Daniel Duggan) អតីតអាកាសយានិក នៃកងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិក អំពីការទទួលលុយ ជាង១០ម៉ឺនដុល្លារ ជាថ្នូរនឹងការបង្ហាត់បង្រៀន ដល់អ្នកបើកយន្ដហោះចិន ឲ្យចេះអំពីបញ្ជាយន្ដហោះចុះចត និង ហោះឡើង ចេញពីនាវាផ្ទុកយន្ដហោះ។
ការចោទប្រកាន់ជាចំហនេះ បានធ្វើឡើង នៅក្នុងស្រុក Columbia សហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ ថា ជនជាតិអូស្ត្រាលីម្នាក់ ដែលបានចូលសញ្ជាតិអាមេរិក បានទទួលការបង់ប្រាក់ ចំនួន១២ដង ដោយមានចំនួនម្ដង ប្រហែល ៩៩០០ដុល្លារ ឬ ៩៥០០ដុល្លារ ជាមួយនឹងបង្កាន់ដៃ ដែលជាញឹកញាប់ បានលើកឡើង អំពីការបណ្តុះបណ្តាលនូវការអភិវឌ្ឍន៍ផ្ទាល់ខ្លួន»។
បើតាមរដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹង ថា ការចោទប្រកាន់នេះ បានបញ្ជាក់ ថា ការបង់ប្រាក់ ត្រូវបានធ្វើឡើង តាមរយៈអាជីវកម្មអត់មានឈ្មោះ មានមូលដ្ឋាន នៅក្នុងប្រទេសចិន ដោយទទួលបានឧបករណ៍យោធា និង ទិន្នន័យបច្ចេកទេស សម្រាប់រដ្ឋាភិបាល និង យោធារបស់ចិន។
ខ្លឹមសារលម្អិតថ្មី នៅក្នុងការចោទប្រកាន់នោះ បានលើកឡើង ថា លោក Daniel Duggan អាយុ៥៤ឆ្នាំ បានចរចា អំពីលក្ខខណ្ឌ សម្រាប់ការបណ្ដុះបណ្ដាលរបស់គាត់ ហើយបានសរសេរ នៅក្នុងខែកញ្ញា ឆ្នាំ២០១២ តាមអ៊ីមែល ខណៈនៅក្នុងប្រទេសចិន ដោយគាត់សង្ឃឹម ថា កូនៗរបស់គាត់ នឹងត្រូវកំណត់ សម្រាប់ការទទួលបានផលប្រយោជន៍ទាំងនេះ។
លោក Duggan កំពុងតែរងនូវការចោទប្រកាន់ អំពីការផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកយោធា ដល់អាកាសយានិកចិន នៅក្នុងបណ្ឌិត្យសភាយោធាហោះសាកល្បង ស្ថិតក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវការគ្រូបណ្ដុះបណ្ដាលជាច្រើននាក់ សម្រាប់ផ្ទេរចំណេះដឹង និង បទពិសោធន៍ នៅក្នុងវិស័យអាកាសចរណ៍របស់កងទ័ពជើងទឹក ស្របតាមស្តង់ដាររបស់អង្គការណាតូ។ ការចោទប្រកាន់ជាចំហនោះ ក៏បានលើកឡើងទៀត ថា លោក Duggan បានចរចា ដោយផ្ទាល់ ជាមួយជនជាតិចិន អំពីការផ្ដល់ការបណ្ដុះបណ្ដាលបន្ថែម ដល់អង្គភាព គ្រប់គ្រងដោយរដ្ឋចិន។
.
លោក Duggan ត្រូវបានចាប់ខ្លួន ដោយប៉ូលិសសហព័ន្ធន៍អូស្រ្ដាលី នៅក្នុងទីក្រុង New South Wales កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ តាមសំណើរបស់ទីភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិក។ លុះមកដល់ខែធ្នូ កន្លងទៅនេះ រដ្ឋាភិបាលអូស្រ្ដាលី បានផ្ដល់ការអនុញ្ញាតតាមសំណើ ធ្វើបត្យាប័នលោក Duggan ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់។ ទោះជាយ៉ាងណា គាត់បានបដិសេធនូវការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕










