ឥណ្ឌា៖ បង្កការភ័យស្លន់ស្លោនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីមានខ្លារខិនកំណាចមួយក្បាលបានរត់ទៅវាយប្រហារមនុស្សម្នា នៅទីសាធារណៈបណ្តាលឲ្យមនុស្ស ១៥នាក់រងរបួស ចុងក្រោយទើបសមត្ថកិច្ចចាប់បាន។

នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ មានសេចក្តីរាយការណ៍ព័ត៌មានបានឱ្យដឹងថាមានភាពវឹកវរ និងបង្កជាការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងទៅក្រុង Jorhat នៃរដ្ឋ Assam ក្នុងប្រទេសឥណ្ឌា ក្រោយពីមានករណី ដ៏គួរឱតក់ស្លុត ដោយមានខ្លារខិនដ៏ធំមួយក្បាល បានចេញពីព្រៃសំដៅមករកចំណីនៅក្នុងទឹកដីនៃ មជ្ឈមណ្ឌល ស្រាវជ្រាវព្រៃភ្លៀង ប៉ុន្តែខណៈពេលដែលវាបានជួបជាមួយនឹងមនុស្សម្នាជាច្រើននៅទីសាធារណៈ ខ្លារខិនមួយក្បាលនេះបានធ្វើការវាយប្រហារពួកគេយ៉ាងកំរោល សូម្បីតែជាអ្នកដំណើរក្នុងរថយន្តលើដងផ្លូវ។

ជាមួយគ្នានោះដំបូងឡើយ គេបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្សចំនួន ១៥ នាក់ត្រូវបានរាយការណ៍ថា បានរងរបួសដោយសារសត្វខ្លាខាំ ដែលភាគច្រើនពួកគេជាបុគ្គលិកមជ្ឈមណ្ឌលស្រាវជ្រាវ រួមទាំងកុមារ និងស្ត្រី និង អនុរក្ស ឧទ្យាន ៣ នាក់ផ្សេងទៀតដែលព្យាយាមចាប់វាមិនបានសម្រេច។

យ៉ាងណាមិញអាជ្ញាធរក្នុងតំបន់បានចេញសេចក្ដីប្រកាសជាសាធារណៈដើម្បីកុំឲ្យចេញក្រៅផ្ទះ ហើយនឹងប្រើអន្ទាក់ដើម្បីចាប់វា  នៅទីបំផុតបន្ទាប់ពីចំណាយពេលពេញមួយថ្ងៃកាលពីថ្ងៃទី ២៧ ម្សិលមិញនេះអាជ្ញាធរទាំងនោះអាចចាប់វាបាន ដោយការចាក់ថ្នាំសណ្តំបានដោយជោគជ័យ ហើយក្រុមពេទ្យសត្វនឹងពិនិត្យមើលរាងកាយវាឱ្យលម្អិត មុនពេលយកវាត្រឡប់ទៅកាន់ឧទ្យានធម្មជាតិវិញ។

គួរបញ្ជាក់ថាការវាយប្រហាររបស់សត្វព្រៃគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ហើយវាឆ្លុះបញ្ចាំងពីបញ្ហាដ៏យូរអង្វែងនៃការទន្ទ្រានព្រៃពីសំណាក់មនុស្សទៅលើទីជម្រក និងអាហាររបស់សត្វព្រៃ៕ ប្រភព៖ pptvhd36