រដ្ឋធានីតេអ៊ីរ៉ង់៖ ក្រោយពេលអ៊ុយក្រែន និង បណ្ដាប្រទេសមហាអំណាចលោកខាងលិច បានចោទប្រកាន់ជាញឹកញាប់ដល់អ៊ីរ៉ង់ អំពីការបញ្ជូនយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ទៅកាន់រុស្ស៊ី នោះមក ក្រុងតេអ៊ីរ៉ង់ កាលពីដើមខែវិច្ឆិកា ក៏បានទទួលស្គាល់ អំពីសកម្មភាពរបស់ខ្លួន បានបញ្ជូនគ្រឿងសឹកប្រភេទនេះ ទៅឲ្យក្រុងមូស្គូ ហើយឥឡូវនេះ ថែមទាំងអួតអាង អំពីដ្រូនរបស់ខ្លួនមានប្រសិទ្ធភាព។
សារព័ត៌មាន ARAB NEWS បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៨ ខែធ្នូ ដោយដកស្រង់ប្រភពពីបណ្ដាញផ្សព្វផ្សាយរបស់អ៊ីរ៉ង់ បានរាយការណ៍ ថា មេទ័ពកំពូលរបស់អ៊ីរ៉ង់ បានអះអាង ថា ការអះអាងរបស់បណ្ដាប្រទេសមហាអំណាចលោកខាងលិច អំពីដ្រូនរបស់ខ្លួន ដែលកម្លាំងទាហានរុស្ស៊ី កំពុងតែប្រើប្រាស់ វាយប្រហារ ប្រឆាំងនឹងអ៊ុយក្រែន កំពុងតែបង្ហាញ អំពីដ្រូនរបស់ក្រុងតេអ៊ីរ៉ង់ មានប្រសិទ្ធភាពកម្រិតខ្ពស់។
រដ្ឋាភិបាលក្រុងកៀវ និង សម្ពន្ធមិត្តបស្ចិមលោក បានចោទប្រកាន់ដល់រុស្ស៊ី អំពីការប្រើប្រាស់ដ្រូន ផលិតដោយប្រទេសអ៊ីរ៉ង់ វាយប្រហារ ប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងជម្លោះ អស់រយៈពេលប្រហែល១០ខែកន្លងមកនេះ ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង ថាមពលសំខាន់ៗ នៅទូទាំងប្រទេស ខណៈអាកាសធាតុ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ កាន់តែធ្លាក់ចុះត្រជាក់ខ្លាំងបំផុត។
ជាការឆ្លើយតបប្រឆាំងនឹងក្រុងតេអ៊ីរ៉ង់នោះ បណ្ដាប្រទេសបស្ចិមលោក បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុន និង ពួកឧត្ដមសេនីយ៍មួយចំនួនរបស់អ៊ីរ៉ង់ រួមទាំង នាយអគ្គសេនាធិការកងទ័ពអ៊ីរ៉ង់ លោកឧត្ដមសេនីយ៍ ម៉ូហាមម៉ាដ បាហ្គេរី (Mohammad Bagheri) ផងដែរ។
រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ តែងតែបដិសេធជាដដែលៗ ប្រឆាំងនឹងការចោទប្រកាន់ អំពីការបញ្ជូនដ្រូនរបស់ខ្លួន ទៅឲ្យរុស្ស៊ី ប្រើប្រាស់ នៅក្នុងសង្គ្រាម ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែនៅដើមខែវិច្ឆិកា អ៊ីរ៉ង់ ក៏បានទទួលស្គាល់ ថា ក្រុងតេអ៊ីរ៉ង់ បានបញ្ជូនដ្រូនមួយចំនួន ទៅឲ្យក្រុងមូស្គូ តាំងពីមុនការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ។
ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្ដាលផ្លូវការ Tasnim មានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ បានដកស្រង់សម្ដីរបស់លោកឧត្ដមសេនីយ៍ Mohammad Bagheri ដែលបានអះអាង ថា «បរិយាកាសបច្ចុប្បន្ន បង្កើតដោយពិភពក្រអឺតក្រទម ទាក់ទងនឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់អ៊ីរ៉ង់ នៅក្នុងសង្គ្រាមអ៊ុយក្រែន គ្រាន់តែជាផ្នែកមួយ នៃសង្គ្រាមចិត្តសាស្ត្ររបស់សត្រូវតែប៉ុណ្ណោះ។ អ្វីដែលជាការពិត បង្ហាញ អំពីប្រសិទ្ធភាព សារៈសំខាន់ និង ឋានៈដ៏ខ្ពស់ សម្រាប់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នៅក្នុងវិស័យយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន»។
សហរដ្ឋអាមេរិក និង អ៊ីស្រាអែល ជាសត្រូវរបស់អ៊ីរ៉ង់ បានចោទប្រកាន់ ដល់ក្រុងតេអេរ៉ង់ ថា បានបញ្ជូនកងយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ទៅឲ្យទីភ្នាក់ងាររបស់់ខ្លួន នៅមជ្ឈិមបូព៌ា រួមទាំង ចលនាហេសបូលឡាហ៍ (Hezbollah) នៅក្នុងប្រទេសលីបង់, ជួយដល់របបគ្រប់គ្រងរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) និង ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែន។
អ៊ីរ៉ង់ បានចាប់ផ្តើមអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ឬ យានហោះគ្មានមនុស្សបើក (UAVs) នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ នាអំឡុងសង្គ្រាម រយៈពេល៨របស់ក្រុងតេអ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីរ៉ាក់ ដែលជាប្រទេសជិតខាង។
លោកឧត្ដមសេនីយ៍ ម៉ូហាមម៉ាដ បាហ្គេរី (Mohammad Bagheri) បានបញ្ជាក់ ថា ឥឡូវនេះ អ៊ីរ៉ង់ នឹងបន្ដអភិវឌ្ឍដ្រូនបន្ថែមទៀត។ កងទ័ពរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ នឹងបន្ដរីកចម្រើន និង អភិវឌ្ឍដ្រូន…យើងនឹងធ្វើកិច្ចសហប្រតិបត្ដិការ ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀត ដោយផ្ដោតទៅលើវិស័យយន្ដហោះគ្មានមនុស្សបើក។ ប្រព័ន្ធដ្រូនរបស់យើង ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ នៅលើពិភពលោក ទាក់ទងនឹងភាពត្រឹមត្រូវ ភាពធន់ ការបន្តប្រតិបត្តិការ ការបំពេញប្រតិបត្តិបេសកកម្ម ហើយបំផ្លាញដល់បេសកកម្មផ្សេងៗរបស់សត្រូវ»៕










