ភ្នំពេញ៖ កីឡាករប្រដាល់ ធឿន ធារ៉ា បានធ្វើឲ្យមជ្ឈដ្ឋានមហាជន សម្តែងនូវក្តីរំភើបយ៉ាងខ្លាំង ក្រោយពីបានផ្ដួលកីឡាករលំដាប់កំពូលប្រទេសថៃ គ្រងខ្សែក្រវាត់ Thai Fight ត្រឹមទឹកទី១ និងឈានទៅយកខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃ ក្នុងកម្មវិធីប្រកួតប្រដាល់ «THAI FIGHT 100 Years Nakhon Ban»កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងទីក្រុងបាងកក។ ហើយនេះក៏ត្រូវបានចាត់ទុកជាប្រវត្តិសាស្រ្តគុនខ្មែរ និងក៏ដូចលើកមុខមាត់កម្ពុជាខ្លាំងផងដែរ។

យ៉ាងណាមិញមុននឹងក្លាយជាម្ចាស់ខ្សែក្រវាត់រួមទាំងពានរង្វាន់នៅក្នុងសង្វៀនលំដាប់កំពូលរបស់ថៃនេះ តើកីឡាករ ធឿន ធារ៉ា មានប្រវត្តិតស៊ូក្នុងជីវិតយ៉ាងណា…? KBN News នឹងលើកយកប្រវត្តិខ្លះៗរបស់កីឡាករ ធឿន ធារ៉ា មកជូនប្រីយ៍មិត្ត៖ កីឡាករ ធឿន ធារ៉ា ជាអ្នកប្រដាល់គុនខ្មែរ កើតក្នុងគ្រួសារកសិករក្រីក្រ នៅភូមិស្តៅ ឃុំព្រៃកណ្តៀង ស្រុកពាមរ ខេត្តព្រៃវែង។ បច្ចុប្បន្នគេមានវ័យ២៤ឆ្នាំ មានភរិយា និងមានកូនស្រីម្នាក់នៅក្នុងបន្ទុក។

ដោយសារកត្តាជីវភាព ធឿន ធារ៉ា ដែលជាកូនប្រុសតែម្នាក់ក្នុងគ្រួសារ និងមានបងប្អូនស្រី ៣នាក់ រូបគេ មិនបានសិក្សារៀនសូត្រឱ្យបានជ្រៅជ្រះនោះទេ ពោលគឺធំដឹងក្តីឡើងនៅប្រទេសថៃ ដោយផ្តើមធ្វើការជាកម្មករសំណង់នៅប្រទេសថៃ មុនឈានជើងចូលហ្វឹកហាត់ប្រដាល់នៅអាយុ១៧ឆ្នាំ ដោយសារតែចិត្តស្រឡាញ់ក្បាច់គុនដូនតា និងចង់ល្បីដូចអ្នកប្រដាល់រាមច្បងល្បីៗផងនោះ កីឡាករធឿន ធារ៉ា បានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ ទោះបីជាមានការហាមឃាត់ពីឪពុកម្ដាយក៏ដោយ។

កីឡាករ ធឿន ធារ៉ា បានចូលហ្វឹកហាត់តាមរយៈមិត្តភក្កិនៅក្លិបក្រសួងកសិកម្ម ដែលមានលោកគ្រូឆ្លាម-ស ជាគ្រូបង្វឹកនៅអំឡុងឆ្នាំ២០១៦ ហើយធ្លាប់ប្រកួតនៅសង្វៀនក្នុងស្រុក បានប្រហែលមួយឆ្នាំ និងឆ្លងកាត់ការប្រកួតបាន៩ប្រកួត ដោយរូបគេផ្តួលដៃគូ៨ដងឱ្យសន្លប់ និងស្មើម្ដង មុនលោកគ្រូបញ្ជូនបន្តទៅហ្វឹកហាត់នៅប្រទេសថៃ ព្រោះតែឃើញថ្វីដៃល្អ។ ចំណែក ការទៅហ្វឹកហាត់នៅក្នុងក្លឹបមួយនាប្រទេសថៃ អ្នកប្រដាល់ដែលមានដើមកំណើតនៅខេត្តព្រៃវែងរូបនេះ ឆ្លងកាត់ការប្រកួតប្រហែល៥០ដង ធ្វើឱ្យអ្នកគាំទ្រគុនខ្មែរមួយចំនួនស្គាល់រូបគេតាមរយៈការឡើងវ៉ៃនៅសង្វៀនមេកមួយថៃ(Max Mauy Thai)។

កីឡាករ ធឿន ធារ៉ា បានសម្រេចចូលរោងការនៅឆ្នាំ២០១៨ ដោយសារពិបាកឡើងចុះទៅថៃ ទើបរូបគេត្រលប់មកហ្វឹកហាត់នៅស្រុកខ្មែរ ដោយចូលហ្វឹកហាត់នៅក្លឹបអេ ភូថង កីឡាវិញ។ យ៉ាងណា កីឡាករ ធឿន ធារ៉ា មកហ្វឹកហាត់នៅខ្មែរបានជាង៤ឆ្នាំហើយ ប៉ុន្តែរូបគេពុំដែលមានឈ្មោះប្រកួតដណ្តើមខ្សែក្រវាត់នៅក្នុងស្រុកឡើយ ព្រោះគីឡូធ្ងន់ដូចរូបគេនេះ ពិបាករកដៃគូធ្វើការប្រកួតប្រជែងណាស់។ ប៉ុន្តែ កីឡាករ ធឿន ធារ៉ា ក៏ធ្លាប់ឈ្នះពានកណ្តាប់ដៃមាស ប្រកួតវ៉ៃ១ទល់នឹង៣នាក់ កាលពីថ្មីៗនេះដែរ មុនរូបគេឈ្នះខ្សែក្រវាត់ និងពានស្តេចថៃកាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ។

ជាចុងក្រោយនេះ KBN ក៏សូមចូលរួមអបអរសាទរដល់កីឡាករ ធឿន ធារ៉ា ដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យលើសង្វៀនខ្នាតអន្តរជាតិ ដែលបានលើកមុខមាត់កីឡាករគុនខ្មែរ ឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ ៕










