រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់ក្រុងមូស្គូ បានអូសបន្លាយពេលវេលាជាង៣០០ថ្ងៃកន្លងមកហើយ ខណៈការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ រកថ្ងៃមិនបញ្ចប់មិនទាន់ឃើញ ប៉ុន្ដែឥឡូវ ពិភពលោក បានដឹងអំពីមហិច្ឆតាយ៉ាងពិតប្រាកដរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន គ្មានអ្វីក្រៅតែ អំពីការស្រមើស្រមៃរបស់គាត់ ចង់បង្រួបបង្រួមប្រវត្ដិសាស្រ្ដរបស់រុស្ស៊ី ដែលធ្លាប់លេបត្របាក់យកទឹកដីរបស់ប្រទេសដទៃតែប៉ុណ្ណោះនោះឡើយ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៦ ខែធ្នូ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានអះអាង ថា ការវាយប្រយុទ្ធរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែអនុវត្ដនូវការបង្រួបបង្រួមប្រជាជនរុស្ស៊ី។
មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានប្រើប្រាស់គំនិត «រុស្ស៊ីជាប្រវត្តិសាស្ត្រ» ដើម្បីជជែកវែកញែក នៅក្នុងបទសម្ភាសន៍មួយ ត្រូវបានចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍រុស្ស៊ី កាលពីថ្ងៃអាទិត្យ ថា អ៊ុយក្រែន និងរុស្ស៊ី ជាមនុស្សតែមួយ។ លោក ពូទីន បានព្យាយាម បង្ហាញអំពីភាពត្រឹមត្រូវ នៃការវាយលុកលុយរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេល១០ខែមកនេះ។
លោក ពូទីន បានថ្លែង នៅក្នុងការដកស្រង់សម្ដី ចេញពីការផ្សាយ សម្រាប់ទូរទស្សន៍ជាតិ Rossiya 1 (រ៉ូសស៊ីយ៉ា វ៉ាន់) ថា «គូប្រជែងភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី មានគោលបំណង ចង់បំបែកប្រទេសរុស្ស៊ី ឲ្យឃ្លាតចេញពីប្រវត្តិសាស្ត្ររបស់រុស្ស៊ី។ ប៉ុន្ដែការបែងចែក និង ការយកឈ្នះនោះ ជាអ្វីដែលពួកគេតែងតែស្វែងរក ដើម្បីសម្រេចបានមហិច្ឆតារបស់ពួកគេ តាមមធ្យោបាយដែលពួកគេមាន។ ប៉ុន្ដែគោលបំណងរបស់យើង គឺផ្សេង ត្រូវតែបង្រួបបង្រួមប្រជាជនរុស្ស៊ី»។
ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ជាដដែល ថា ក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចា។ ប៉ុន្ដែអ៊ុយក្រែន និង សម្ពន្ធមិត្តលោកខាងលិចរបស់ក្រុងកៀវ បានបដិសេធនូវការចរចានេះ។
បើគិតតាមប្រវត្ដិសាស្រ្ដរបស់រុស្ស៊ី នោះ គឺរុស្ស៊ី ធ្លាប់វាយប្រយុទ្ធ ឈ្លានពាន និង កាន់កាប់ទឹកដីរបស់ប្រទេសជាច្រើន រួមមាន ប៉ូឡូញ ហ្វាំងឡង់ដ៍ ន័រវ៉ែស អាល្លឺម៉ង់ អ៊ីរ៉ង់ ជប៉ុន…ជាដើម៕










