បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានសម្រេចលុបចោលជើងហោះហើរជាង ៣,០០០ រួចហើយកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ពីឥទ្ធិពលនៃព្យុះនៃរដូវរងា ដែលនឹងធ្វើឱ្យប្រជាជនអាមេរិកស្ទើរតែទាំងអស់ប្រឈមមុខនឹងអាកាសធាតុត្រជាក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំ ជាមួយនឹងសីតុណ្ហភាព -៤៥ អង្សាសេនាឱកាសបុណ្យណូអែលខាងមុខ។

នាថ្ងៃទី២៣ ​ខែធ្នូ ឆ្នាំ២០២២ របាយការណ៍ពីសារព័ត៌មាន CNN បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិកបានលុបចោលជើងហោះហើរជាង ២,០០០ នៅទូទាំងប្រទេសគិតត្រឹមថ្ងៃ ទី ២២ ខែធ្នូ នេះ ហើយបានសម្រេចលុបចោលជើងហោះហើរជាង ១,០០០ បន្ថែមនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមានព្យុះរដូវរងាបាននាំមកនូវភ្លៀង ព្រិល និងខ្យល់បក់យ៉ាងខ្លាំង ហើយបានបង្វែរជើងហោះហើរជាង ៥,៣០០ ។

ជាមួយគ្នានោះរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយថា យន្តហោះកំពុងចាកចេញពីអាកាសយានដ្ឋានមួយចំនួន ត្រូវបានចាត់ដំណោះស្រាយ ដោយយកទឹកកកចេញ ដើម្បីធ្វើ ដំណើរដោយសុវត្ថិភាពខណៈ ព្រលានធំៗទាំងបី ក្នុងរដ្ឋញូវយ៉កត្រូវបានគេព្រមានអ្នកធ្វើដំណើរថាព្យុះទឹកកកក្នុងរដូវរងាអាចប៉ះពាល់ដល់ការធ្វើដំណើររបស់ពួកគេ។

ទោះជាយ៉ាងណាសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក បានព្រមានប្រជាជននៅសហរដ្ឋអាមេរិកទាំងអស់ថា នឹងប្រឈមមុខជាមួយនឹងរដូវបុណ្យណូអែលដ៏ត្រជាក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំ ហើយប្រជាជននៅសហរដ្ឋអាមេរិកគួរតែត្រៀមខ្លួនដើម្បីប្រឈមមុខនឹងសីតុណ្ហភាពត្រជាក់ក្រោមសូន្យ ដោយតំបន់ខ្លះអាចមានសីតុណ្ហភាព -៤៥ អង្សាសេ ដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក និងសុខភាពអ្នកជំងឺ និងមនុស្សចាស់៕ ប្រភព៖ Thairath