ថៃ៖ នារីម្នាក់ បាន​ព្រមានពីការ​ញ៉ាំ​សាច់​ជ្រូក​ម៉ូកាថៈ ដែលជាអាហារដ៏ពេញនិយមបំផុតសម្រាប់ប្រទេសថៃ ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ ខណៈក្រោយ​ពេលដែលនាង​ញ៉ាំ​រួច ស្រាប់តែស្បែកមានបញ្ហាចេញកន្ទួល​រាលដាល​ពេញ​រាងកាយ ដោយចាំបាច់ត្រូវទៅមន្ទីរពេទ្យដើម្បីចាក់ថ្នាំស្តេរ៉ូអ៊ីត លើសពីនេះនៅពេលដែលកន្ទួលនោះបាត់ហើយវាក៏មានផលប៉ះពាល់ផងដែរ។ នេះបើការបញ្ជាក់របស់​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ ដោយលោកបានអះអាងថា ប្រហែល​បណ្តាល​មក​ពី​សារធាតុ​ដែល​ត្រាំ​ក្នុង​ខ្ទះ​ទើបបណ្ដាលឱ្យមានផលប៉ះពាល់បែបនេះ។

គួររំលឹកដែលថា កាលថ្ងៃទី ៤ ខែធ្នូ​ ឆ្នាំ ២០២២ កន្លងទៅនេះ ខាងអាជ្ញាធរប្រទេសថៃ បានសម្រុកទៅចាប់កន្លែងចែកចាយសាច់គ្រឿងក្នុងសត្វ ដ៏ធំមួយកន្លែង ដែលបានបើកលក់ដូរខុសច្បាប់ ហើយថែមទាំងប្រើប្រាស់ជាតិគីមីដែលប៉ះពាល់ដល់សុខភាពទៀតផង។

កន្លែងលក់មួយកន្លែងនេះ គឺមានទីតាំងស្ថិតនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ ហើយក្នុងនោះ មានការរាយការណ៍មកថា កន្លែងមួយនេះ ជាកន្លែងលក់ដូរ សាច់ និង គ្រឿងក្នុងសត្វគោ និ​ង​ ជ្រូក ចែកចាយឱ្យខាងហាងលក់មូកៈថៈ បានបើកលក់ដូរដោយលួចលាក់ខុសច្បាប់ ទើបខាងអាជ្ញាធរពាក់ព័ន្ធដែលមាន នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានបញ្ជូនមន្រ្តីជាច្រើន ចុះមកត្រួតពិនិត្យ។

ខណៈចុះមកត្រួតពិនិត្យនេះ គេបានរកឃើញថា កន្លែងលក់ខាងលើ ពិតជាខុសច្បាប់ពិតមែន ដោយមិនមានច្បាប់អនុញ្ញាតិពាក់ព័ន្ធការលក់អាហារ គ្មានអាជ្ញារប័ណ្ណជួញដូរ បញ្ជូនសាច់សត្វ ព្រមទាំងគ្មានលិខិតបញ្ជាក់ណាមួយច្បាស់លាស់ឡើយ។ លើសពីនេះទៅទៀត អាជ្ញាធរថែមទាំងបានរកឃើញទៀតថា គ្រឿងក្នុងទាំងនោះ មានការដាក់ត្រាំសារជាតិគីមី ដែលមានដូចជា Formalin, caustic soda និង hydrogen peroxide ដើម្បីរក្សាទុកឱ្យបានយូរទៀតផង។

ជាក់ស្ដែងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ អ្នកប្រើប្រាស់ Twitter ម្នាក់ មានរឿងមួយនិយាយអំពីបទពិសោធន៍នៃការញ៉ាំសាច់ជ្រូកអាំង។ ហើយត្រឡប់មកវិញជាមួយនឹងផលប៉ះពាល់អវិជ្ជមានដែលមិននឹកស្មានដល់ចំពោះសុខភាពនាង​ទៅ​ញ៉ាំ​សាច់អាំងម៉ូកាថៈ​នៅ​ភោជនីយដ្ឋាន​មួយ​ ប៉ុន្តែ​ក្រោយ​មក​រូបនាងមិន​អាច​ដក​ដង្ហើម​បាន​ទេ ដោយឡើងមានកន្ទួលក្រហមពាសពេញរាងកាយ ដែលមើលទៅគួរអោយខ្លាចណាស់។

ពេលទៅជួបគ្រូពេទ្យដើម្បីដឹងពីមូលហេតុ គ្រូពេទ្យប្រាប់ថា ទំនងជាបណ្តាលមកពីសារធាតុគីមីដែលត្រាំនៅក្នុងសាច់ ដូចជាសាច់ជ្រូក សាច់គោ គ្រឿងក្នុង គ្រឿងសមុទ្រជាដើម ទើបបណ្តាលឲ្យមានរោគសញ្ញាបែបនេះ។ ទោះ​ជា​យ៉ាង​ណា​ពេល​នេះ​នាង​បាន​ធូរ​ស្បើយ​ហើយ ហើយនាងក៏បានរំលឹកចាំបាច់ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតអំពីការញ៉ាំ ជាពិសេសអំពីអនាម័យ ៕