រដ្ឋធានីកៀវ៖ កងទ័ពអ៊ុយក្រែន បានអះអាង អំពីទាហានរបស់រុស្ស៊ី បានស្លាប់ ចំនួន៥៩០នាក់ នៅលើសមរភូមិប្រយុទ្ធ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ហើយតួលេខថ្មីនេះ បានធ្វើឲ្យក្រុងមូស្គូ បាត់បង់កម្លាំងទ័ព កើនឡើងដល់ជាង៩៨ ០០០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាមរហូតមកដល់ពេលនេះ។
ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន សរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ រុស្ស៊ី បានបាត់បង់ទាហាន នៅលើសមរភូមិប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែន ប្រហែល ៩៨ ២៨០នាក់។
ក្រៅពីការបាត់បង់កម្លាំងទាហាននោះ រុស្ស៊ី បានខាតបង់គ្រឿងសឹក មានតម្លៃរាប់ពាន់លានដុល្លារ រួមមាន រថក្រោះ ចំនួន ២ ៩៨៧គ្រឿង, រថពាសដែក ចំនួន ៥ ៩៦៣គ្រឿង, យន្ដហោះចម្បាំង ចំនួន ២៨១គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៦៤គ្រឿង, យានយន្ដផ្សេងៗ និង រថយន្ដដឹកប្រេងឥន្ធនៈ ចំនួន ៤ ៥៧៩គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ១ ៩៤៨គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៤១០គ្រឿង, ប្រព័ន្ធកាំភ្លើងបាញ់យន្ដហោះ ចំនួន ២១១គ្រឿង … និង គ្រឿងសឹកជាច្រើនទៀត។
បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាង ថា ទាហានរុស្ស៊ី បានរងគ្រោះថ្នាក់ខ្លាំងបំផុត នៅលើសមរភូមិលីម៉ាន់ (Lyman) និង បាឃ្មូត (Bakhmut)។
ទោះជាយ៉ាងណា តួលេខ នៃការស្លាប់របស់ទាហានរុស្ស៊ី ទាំងនេះ មិនមែន ជាការអះអាង ចេញពីប្រភពឯករាជ្យណាមួយនោះឡើយ ហើយវាគ្រាន់តែជាការបញ្ជាក់ ពីភាគីអ៊ុយក្រែន តែប៉ុណ្ណោះ។ ដោយឡែក រុស្ស៊ី វិញ ក៏មិនបានបញ្ជាក់អំពីចំនួនទាហានរបស់ខ្លួន បាត់បង់ នៅក្នុងសង្គ្រាមនោះដែរ ដោយលើកហេតុផល អំពីការងារសម្ងាត់របស់ជិត។
ដោយឡែក លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ធ្លប់លើកឡើង កាលពីខែមុន ថា កម្លាំងទាហានរុស្ស៊ី ប្រហែល ១០ម៉ឺននាក់ បានស្លាប់ និង រងរបួស។ ចំណែកកងទ័ពអ៊ុយក្រែន បានរងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នានេះដែរ៕










