ប៉ុន្មានថ្ងៃមកនេះខ្សែភាពយន្តខ្លីប្រភេទអប់រំមួយក្រោមចំណងជើង «ស្នេហាល្ងង់+ល្ងង់» ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នាព្រោងព្រាតពេញហ្វេសប៊ុក ដោយក្នុងនោះក៏មានមតិជជែកវែកញែក ដោយខ្លះបានលើកសរសើរពីភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់តួអង្គ ដាក់មនោសញ្ចេតនាបានល្អ ចំណែកមួយចំនួនទៀតក៏ហាក់រិះគន់ថាជារឿងស្រើបស្រាលជ្រុល ជាដើម។
ពេលថ្មីៗនេះអ្នកនាងនិមល ដែលគេស្គាល់ថាជាម្ចាស់ផលិតកម្ម សាស្ត្រា (Sastra Film)បានចេញមុខបកស្រាយថា៖ “លោកស្រី បង្កើតរឿងជា ៤០០រឿងរួចមកហើយ ក្នុងនោះរឿង ១៨+ មិនមានច្រើននោះទេ។ ការធ្វើបែបនេះក៏ព្រោះតែចង់ឱ្យបរទេស អាចទស្សនាភាពយន្តរបស់ខ្មែរយើងបានផងដែរ”។
លោកស្រីបានសង្កត់ធ្ងន់ថា “រឿងរបស់យើងចេញបានមួយឆ្នាំហើយ ហើយយើងចាក់បញ្ចាំតែក្នុង App សម្រាប់អ្នកដែលបានចុះឈ្មោះបង់លុយទើបអាចទស្សនារឿងនេះបាន។ ហើយយើងក៏បានដាក់សញ្ញាហាមមិនឱ្យក្មេងអាយុក្រោម១៨ឆ្នាំទស្សនារឿងនេះផងដែរ។ ក៏ប៉ុន្តែមានជនខិលខូចមួយចំនួន បាន Screenshot យកទៅបង្ហោះតាមបណ្តាញសង្គមផ្សេងៗ ដែលបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ សាស្ត្រា យើងខ្ញុំ”។
ចុងក្រោយលោកស្រី បានបញ្ជាក់ទៀតថា “រឿងស្នេហាល្ងង់+ល្ងង់ នេះ ត្រូវបានដឹកនាំ និងសម្តែងដោយមនុស្សស្រីទាំងអស់ ដូច្នេះគ្មានហេតុផលណាមួយដែលយើងទៅទម្លាក់តម្លៃមនុស្សស្រីនោះទេ។ ក៏ប៉ុន្តែពួកយើង គ្រាន់តែចង់បង្ហាញអំពីរឿងពិតមួយ ដែលឆ្លុះបញ្ចាំងថា មនុស្សស្រីខំលះបង់ខ្លួនប្រាណប៉ុណ្ណា ក៏នៅតែមិនអាចយកឈ្នះចិត្តបុរសដែលមានប្រពន្ធរួចហើយដែរ”។
លោកស្រី ក៏បានអរគុណ ដល់មតិរិះគន់ពីមហាជន និងអ្នកដែលយល់ពីគាត់ និងសាស្ត្រា ថាកំពុងចង់ធ្វើអ្វី ដើម្បីជួយដល់ឧស្សាហកម្មភាពយន្តនៅកម្ពុជា៕