ឥណ្ឌាបានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ខណៈទីក្រុង ញូវដែលី មានបំណងបង្កើនសមត្ថភាពការពារខ្លួន ចំពេលមានភាពតានតឹងតាមតំបន់ព្រំដែនជាមួយប្រទេសចិន។
រដ្ឋមន្រ្តីក្រសួងកិច្ចការសភា លោក ប្រា ហេត ចូស (Pralhad Josh) បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីប អែន នី វី (Agni-V) ត្រូវបានបាញ់កាលពីថ្ងៃ ព្រហស្បតិ៍ ចេញពីកោះ អាប់ ឌុល កា ឡាំ(Abdul Kalam) ក្នុងរដ្ឋ អូ ឌី សា(Odisha) ភាគខាងកើត។
មុនពេលការធ្វើតេស្ដនេះអាជ្ញាធរឥណ្ដាបានចេញសេចក្ដីជូនដំណឹងមួយ និង បានប្រកាសឆ្នេរសមុទ្រ បេង ហ្គាល់(Bengal) ជាតំបន់គ្មានការហោះហើរ ដោយបន្ថែមថា រយៈចម្ងាយរបស់មីស៊ីលនេះ គឺគ្របដណ្ដប់ចិនដីគោកស្ទើតែទាំងមូល។
ភាពតានតឹងថ្មីៗនេះ បានកើតឡើងរវាងឥណ្ឌា និង ចិន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងនៃប្រទេសទាំង២ កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២២ នៅតាមតំបន់ព្រំដែន។![]()
រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក រ៉ាច់ ណាត សុីន (Rajnath Singh) បាននិយាយថា គ្មានទាហានឥណ្ឌាណាម្នាក់រងរបួសធ្ងន់ធ្ងរទេ ហើយកងទ័ពទាំងសងខាងបានដកខ្លួនចេញពីតំបន់នោះភ្លាមៗ។
ទំនាក់ទំនងរវាងប្រទេសយក្សអាស៊ីទាំង២ កាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ ២០២០ ដែលកាលនោះទាហានឥណ្ឌា ២០នាក់ត្រូវបានសម្លាប់។ ក្រោយមក ប្រទេសចិនបានទទួលស្គាល់ថា ទាហានរបស់ខ្លួន ៤នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះដែរ។
សូមជម្រាបថា អស់ជាច្រើនទសវត្សរ៍មកហើយដែលឥណ្ឌា និង ចិន បានប្រជែងគ្នាយ៉ាងស្វិតស្វាញលើខ្សែបន្ទាត់នៃការគ្រប់គ្រងនៅតំបន់ព្រំដែនរវាងប្រទេសទាំង២ ដោយប្រទេសទាំង២ ក៏ធ្លាប់ធ្វើសង្រ្គាមនៅព្រំដែនកាលពីឆ្នាំ ១៩៦២ ដែរ៕ 
ប្រភព៖ Al Jazeera










