បរទេស៖ ក្រុមបេសកកម្មរបស់ប្រទេសន័រវេសប្រកាសពីការរកឃើញដ៏សំខាន់ នៃកប៉ាល់បុរាណដែលបានជួបនូវឧបទ្ទវហេតុលិចកាលពីបុរាណ ការរកឃើញនេះខណៈពេលពួកគេកំពុងរុករកបាតបឹងធំបំផុតរបស់ប្រទេសមួយនេះ។

កាលពីពេលកន្លងទៅថ្មីៗនេះ ខណៈពេលដែលក្រុមអ្នករុករកន័រវេស និងអ្នកបុរាណវិទូកំពុងធ្វើការដើម្បីគូសផែនទីបាតបឹង Mjosa ដែលជាផ្នែកមួយនៃគម្រោងរបស់រដ្ឋាភិបាលន័រវេស ស្រាប់តែពួកគេបានរកឃើញកប៉ាល់លិចនៅបាតបឹងដែលមានលក្ខណៈនៅទ្រង់ទ្រាយដើមទាំងស្រុង។ ហើយត្រូវ បានគេរំពឹងថាកប៉ាល់នេះមានអាយុកាលដល់ ទៅ ៧០០ ឆ្នាំ ដោយសន្មតថាវាត្រូវបានសាងសង់ ឡើងក្នុងអំឡុង ឆ្នាំ គ.ស ១៣០០។

ដោយបំណែកនៃកប៉ាល់ត្រូវបានគេប្រទះឃើញស្ថិតនៅជម្រៅ ១,៣៥០ ហ្វីត រូបភាពពីកាមេរ៉ាក្រោមទឹកបង្ហាញពីរូបរាងរបស់កប៉ាល់ដែលមានប្រវែងប្រហែល ៣៣ ហ្វីត។ ហើយបំណែកបាក់នេះត្រូវ បានគេរកឃើញថានៅតែដដែលស្ទើរតែ ១០០ ភាគរយ ព្រោះបាតបឹងជាតំបន់ដែលរលកជំនោរកម្រ កើតឡើង។ នេះបញ្ជាក់ថាកប៉ាល់ទំនងជាបានស្ថិតនៅក្រោមបឹងជាយូរមកហើយ ព្រោះវាត្រូវ ចំណាយ ពេលរាប់រយឆ្នាំទើបលោហៈអាចរលួយក្រោមទឹកនេះបាន។

យ៉ាងណាមិញរូបភាពពីកាមេរ៉ាក្រោមទឹកបង្ហាញថា សម្ភារៈនៃកប៉ាល់គឺជាឈើ ដោយប្រើបច្ចេកទេសសាងសង់កប៉ាល់នាសម័យ Norse ឬ Viking ដែលមានបន្ទះឈើត្រួតគ្នា។

ជាមួយគ្នានោះលោក Odegaard សន្មត់ថា កប៉ាល់ទំនងជាលិចដោយសារតែខ្យល់មូសុង ព្រោះវាបានលិចនៅកណ្តាលបឹង។ ទោះជាយ៉ាងណាឥឡូវនេះក្រុមការងារត្រូវបានផ្អាកការរុករកជាបណ្ដោះអាសន្នសិន ដោយសារតែអាកាសធាតុអាក្រក់ ហើយក្រុមការងារគ្រោងនឹងត្រឡប់ទៅរុករកម្តងទៀតនៅឆ្នាំក្រោយ នៅពេលដែលអាកាសធាតុប្រសើរឡើង៕ ប្រភព៖ Dailynews