បរទេស៖ ព្យុះកំបុតត្បូងមួយបានបោកបក់ពាសពេញតំបន់អាមេរិក ដែលបានសម្លាប់មនុស្សចំនួន៣នាក់នៅរដ្ឋ Louisiana ព្រមទាំងបានវាយប្រហារកម្ទេចផ្ទះ ក្នុងរដ្ឋ Mississippi អស់ជាច្រើន ដែលជាការគម្រាមកំហែងយ៉ាងខ្លាំង។

នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍ក្នុងស្រុកមួយបានឱ្យដឹងថា ព្យុះកំបុតត្បូងមួយបានបោកបក់ពាសពេញសហរដ្ឋអាមេរិក នៅភាគខាងត្រូង និង នៅភាគខាងជើងនៅក្នុងរដ្ឋ Mississippi ដែលបណ្ដាលឱ្យផ្ទះសម្បែងជាច្រើនបានដួលរលំ និងបានបង្កឱ្យមនុស្សយ៉ាងហោចណាស់៣នាក់បានបាត់បង់ជីវិត។

យ៉ាងណាមិញប្រព័ន្ធព្យុះដ៏ធំនេះបានផ្តល់នូវលក្ខខណ្ឌដូចព្យុះទឹកកកទៅកាន់ Great Plains ហើយត្រូវបានគេរំពឹងថានឹងរុញច្រានព្រិល និងទឹកកកបន្ថែមទៀតចូលទៅក្នុងតំបន់ Appalachia និង New England។

ក្នុងនោះអាជ្ញាធរនៅ Charles Parish ភាគខាងលិចនៃទីក្រុង New Orleans បាននិយាយថា មនុស្ស ៨ នាក់ក្នុងតំបន់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសនៅរសៀលថ្ងៃពុធដោយសារតែព្យុះនេះផងដែរ។

លោក Greg Champagne អាជ្ញាធរក្នុងតំបន់បាននិយាយថា នេះជាព្យុះកំបុតត្បូងដ៏គួរឲ្យរន្ធត់ និង មានកម្លាំងខ្លាំងណាស់ ហើយនារដូវរងារមួយនេះក៏បានទម្លាក់ព្រិលជាង ២ ហ្វីត ឬ ៦០ សង់ទីម៉ែត្រ នៅផ្នែកខ្លះនៃរដ្ឋ South Dakotaផងដែរ។

បញ្ហាព្យុះខាងលើ អាជ្ញារធរគ្រប់តំបន់រងគ្រោះក៏បានដាក់ការព្រមាន ព្រមទាំងបានណែនាំឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕ ប្រភព៖ Aol