អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក, ភាគីតួកគី និងបារាំងកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ដែលនេះគឺជាការបង្កើនកម្រិតការទូតរបស់មេដឹកនាំអ៊ុយក្រែន ជុំវិញសង្រ្គាមដែលបានចាប់ផ្តើមដោយប្រទេសរុស្ស៊ី ហើយបាននឹងកំពុងអូសបន្លាយដល់ខែទី ១០។ តាមរយៈខ្សែទូស័ព្ទ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយថ្លែងអំណរគុណចំពោះប្រធានាធិបតីអាមេរិកលោកបាយដិនចំពោះជំនួយ ដែលមិនធ្លាប់មានពីមុនមក ដែលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ដល់អ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ។
ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូលោក ហ្សេឡេនស្គី បានគូសបញ្ជាក់ថា លោកកំពុងធ្វើការឥតឈប់ឈរជាមួយដៃគូ ដោយរំពឹងថានឹងមានលទ្ធផលសំខាន់ៗ នៅក្នុងសប្តាហ៍ខាងមុខនេះពីព្រឹត្តិការណ៍អន្តរជាតិជាបន្តបន្ទាប់ដែលនឹងផ្តោតលើស្ថានភាពនៅអ៊ុយក្រែន។ ជាមួយគ្នានៅក្នុងកិច្ចពិភាក្សានោះ លោកបានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិកចំពោះអ្វីដែលលោកបានពិពណ៌នាថាជា ជំនួយផ្នែកការពារជាតិ និងហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក ដែលសហរដ្ឋអាមេរិកផ្តល់ដល់អ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ថា ជំនួយបែបនេះពិតជាមានសារៈសំខាន់ ដែលវាមិនត្រឹមតែរួមចំណែកដល់ភាពជោគជ័យនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ស្ថិរភាពនៃសេដ្ឋកិច្ចអ៊ុយក្រែនផងដែរ។
ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណដល់ប្រទេសតួកគី ដែលបានផ្តល់ទីជម្រកដល់កុមារអ៊ុយក្រែន និងបានដាក់ពង្រាយម៉ាស៊ីនភ្លើងរាប់រយគ្រឿងទៅកាន់ទីក្រុងនានាទូទាំងប្រទេស។ បណ្តាញអគ្គិសនីរបស់អ៊ុយក្រែនត្រូវបានវាយលុកចាប់តាំងពីខែតុលា ដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាបន្តបន្ទាប់ ដែលជួនកាលវាបានកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ជនស៊ីវិលរាប់លាននាក់ក្នុងរដូវរងារ។ អ៊ុយក្រែននឹងតួកគីក៏បានពិភាក្សាអំពីលទ្ធភាពដែលអាចកើតមាននៃកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ បន្ទាប់ពីការបិទអស់រយៈពេលប្រាំមួយខែ។ ការិយាល័យរបស់លោក អ៊ែរដូហ្គាន់ បាននិយាយថា មេដឹកនាំតួកគីបានទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ ដែលក្នុងនោះលោកបានអំពាវនាវឱ្យបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស។
លោកពូទីនកាលពីសប្តាហ៍មុនបានព្រមានអំពីការអូសបន្លាយនៃសង្រ្គាម ដោយសារការបាត់បង់ទំនុកចិត្តស្ទើរ តែទាំងស្រុងរបស់ទីក្រុងម៉ូស្គូចំពោះលោកខាងលិច នឹងធ្វើឱ្យដំណោះស្រាយលើអ៊ុយក្រែនកាន់តែពិបាកឈានទៅដល់។ មិនមានការចរចាសន្តិភាព និងគ្មានទីបញ្ចប់ដែលអាចមើលឃើញចំពោះជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដែលទីក្រុងម៉ូស្គូហៅថាជា “ប្រតិបត្តិការយោធាពិសេស” ហើយអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនជាទង្វើឈ្លានពាន ។
ទីក្រុងមូស្គូហាក់មិនបានបង្ហាញសញ្ញានៃការត្រៀមខ្លួនដើម្បីគោរពអធិបតេយ្យភាពអ៊ុយក្រែន និងព្រំដែនមុនសង្គ្រាមទេ ដោយនិយាយថាតំបន់ទាំងបួនដែលខ្លួនអះអាងថាបានបញ្ចូលពីអ៊ុយក្រែនក្នុងខែកញ្ញាគឺជាផ្នែកមួយនៃប្រទេសរុស្ស៊ីជារៀងរហូត។ ប៉ុន្តែទោះជាយ៉ាងណារដ្ឋាភិបាលក្រុងកៀវបានច្រានចោលការប្រគល់ដីណាមួយឱ្យរុស្ស៊ីជាថ្នូរនឹងសន្តិភាព។
បច្ចុប្បន្ននៅលើទឹកដីអ៊ុយក្រែន តំបន់ភាគខាងកើតទាំងមូលត្រូវបានបាញ់ផ្លោងជាបន្តបន្ទាប់ ជាមួយនឹងការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរបានកើតឡើង។ ទីក្រុងមូស្គូក៏កំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលខ្លះបានកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ជនស៊ីវិលរាប់លាននាក់ក្នុងរដូវរងារ នៅពេលដែលសីតុណ្ហភាពជាមធ្យមអាចទាបជាងសូន្យអង្សាសេ៕










