ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួប និងផ្តល់ជូននូវថវិកាដល់ អ្នកនាង សឿ សុធារ៉ា អតីតតារាសំដែង និងកូនៗ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយទើបបាត់បង់ម្តាយជាទីស្រលាញ់ដោយរោគាពាធកាលពីពេលថ្មីៗកន្លងមកនេះ ។
ក្នុងឱកាសនោះ អ្នកនាង សឿ សុធារ៉ា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានជួយគាំទ្រ និងជួយឧបត្តម្ភជាថវិកា ដល់គ្រួសារអ្នកនាង នៅពេលជួបការលំបាកជាពិសេសក្នុងឱកាសនេះ ឯកឧត្តម បានផ្តល់ថវិកា សម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅជាមួយកូនៗ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្ត ដល់អ្នកនាង សឿ សុធារ៉ា ត្រូវបន្តប្រឹងប្រែងតស៊ូក្នុងជីវិតបន្តទៀត ដើម្បីមើលថែរក្សាកូនៗ អោយប្រឹងប្រែងសិក្សារៀនសូត្រ មានចំណេះដឹង មានអនាគតល្អ។
យ៉ាងណាមិញ យោងតាមការបង្ហោះរបស់អ្នកនាង សឿ សុធារ៉ា បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំសឿ សុធារ៉ាព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មាន
ខៀវកញ្ញារិទ្ធ និងលោកជំទាវ “ លោកពុក លោកម៉ែ“ ដែលបានផ្តល់ជំរកអោយនាងខ្ញុំនិងកូនៗអោយបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ 20000$ ដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ នាងខ្ញុំនិងកូនៗនិងខិតខំបំរើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយ ទាំងកូនអោយអស់ពីកំលាំងកាយចិត្ត
ហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុងវិស័យសិល្បៈនេះអោយជាប់លាប់ មិនអោយលោកទាំងពីរខកបំណងឡើយ។ កូន និងចៅៗ សូមជូនពរលោកទាំងពីរអោយមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់វិស័យទាំងអស់ សាធុសាធុសាធុ» ៕

















