ភ្នំពេញ៖ កាលពីពេលថ្មីៗនេះនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានប្រកាសឱ្យម្ចាស់គម្រោង បុរី ភ្នំពេញ ថោន ឱ្យមកបង់ប្រាក់ពិន័យចំនួនមួយរយលានរៀល ប៉ុន្តែក្រុមហ៊ុនបែរជាព្រងើយកន្តើយមិនព្រមទទួលយកលិខិតផាកពិន័យនោះឡើយ។
យ៉ាងណាមិញយោងតាមលិខិតរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានរៀបរាប់ឱ្យដឹងថា៖ «សូមជូនដំណឹងដល់គម្រោង បុរី ភ្នំពេញ ថោន ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញឱ្យបានជ្រាបថា៖ គម្រោង បុរី ភ្នំពេញ ថោន បានប្រព្រឹត្តល្មើសនឹងប្រកាសលេខ ០៨៩ ស.ហ.វ ប្រ.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងត្រូវទទួលរងការផាកពិន័យពី (ន.អ.ប) ចំនួន១០០.០០០.០០០រៀល (មួយរយលានរៀលគត់ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ប៉ុន្តែក្រុមហ៊ុនពុំសហការទទួលលិខិតផាកពិន័យខាងលើនេះឡើយ។
ហេតុនេះដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តបទប្បញ្ញត្តិជាធរមាន ន.អ.ប សូមកោះអញ្ជើញម្ចាស់គម្រោង បុរី ភ្នំពេញ ថោន មកបង់ប្រាក់ផាកពិន័យដូចមានកំណត់ក្នុងលិខិតលេខ ១៧៦០\២២ ន.អ.ប ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ជាកំហិត ក្នុងរយៈពេល១៥ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្ដីជូនដំណឹងនេះ។
ក្នុងករណីនៅតែបន្តគេចវេះ មិនអនុវត្តតាមការណែនាំខាងលើ ន.អ.ប នឹងចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់។ សេចក្ដីដូចបានរៀបរាប់ខាងលើសូមម្ចាស់គម្រោង បុរី ភ្នំពេញ ថោន ជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហើយម្យ៉ាងទៀត ន.អ.ប សង្ឃឹមយ៉ាងជឿជាក់លើស្មារតីទទួលខុសត្រូវរបស់គម្រោង បុរី ភ្នំពេញ ថោន ក្នុងការបំពេញកាតព្វកិច្ចខាងលើឱ្យបានត្រឹមត្រូវ»។
គួរបញ្ជាក់ដែលថា គម្រោងបុរីទាំងអស់ត្រូវមកស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) ដើម្បីចៀសវាងការផាកពិន័យដោយប្រការណាមួយ ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖











