ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានមនុស្សចាស់២នាក់ និងកូនតូចម្នាក់ អាយុប្រមាណ១ខែកន្លះ ត្រូវបានរថយន្ត LEXUS NX200t បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យមនុស្សចាស់ និងទារកខ្ទាតដូចសំឡី។ កើតហេតុនៅវេលាម៉ោង២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកើតហេតុ លើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ភា្លមៗនោះជនបង្ក បានបើកបររថយន្តគេចពីទីតាំងកើតហេតុ តែមិនផុត ត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ រីឯរថយន្ត ត្រូវបានជនមិនស្គាល់មុខ វាយបំបែកកញ្ចក់ទាំងកំហឹង។ យ៉ាងណាមិញក្រោយពីចូលខ្លួនទៅដោះស្រាយជាមួយសមត្ថកិច្ចរួចរាល់ហើយ យើងក៏បានទទួលបានដំណឹងជនបង្កយ់ព្រមចេញថ្លៃសងសំណងចំនួន២ ៥០០ដុល្លារ ដើម្បីបញ្ចាប់រឿងទាំងស្រុង ខណៈការដោះស្រាយមួយនេះបានធ្វើឱ្យមហាជនមានការមិនពេញចិត្តជាខ្លាំងព្រមទាំងសំណូមពរឱ្យសមត្ថកិច្ច ក៏ដូចជា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រសួងយុត្តិធម៌ មេត្តាជួយសើរើឡើងវិញនៅករណីមួយនេះដែលការសងសំណងនេះគឺមិនមានភាពយុត្តិធម៌សោះសម្រាប់ជនរងគ្រោះ។

យ៉ាងណាមិញយើងក៏បានឃើញលោក សុខ ជំនោរ ដែលជាអ្នកតែងនិពន្ធបទចម្រៀងដ៏ល្បីម្នាក់ រួមទាំងកញ្ញា វ៉ាន់ នីឡា បានបង្ហោះសារឈឺឆ្អាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយលោកបានទាមទារឱ្យមានភាពយុត្តិធម៌ដាច់ខាតសម្រាប់គ្រួសារជនរងគ្រោះ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមសំណូមពរដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រសួងយុត្តិធម៌ Ministry of Justice សូមមេត្តាជួយរកយុត្តិធម៌ក្នុងករណីនេះផងដើម្បីឲ្យជនបង្ករទទួលទោសជាកំហិត និងផ្តល់សំណងអោយបានសមហេតុផលផង បើកបរទាំងស្រវឹង បើកលើសល្បឿនកំណត់ បុកគេរងរបួសធ្ងន់ដោយមានកូនតូចនៅសង្រ្គោះបន្ទាន់ បើកបុកហើយរត់ដោយមានភស្តុតាងទាំងអស់តាមរយៈការឡាយរបស់បងៗអ្នកកាសែត។

ចំណែកកញ្ញា វ៉ាន់ នីឡា ក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖ «មានមិត្តភក្តប្រាប់មិនអោយខ្ញុំរវល់ទេ ខ្លាចបាត់ប្រជាប្រិយភាព ខ្ញុំអត់ខ្វល់ទេ ខ្ញុំមិនអាចធ្មេចភ្នែកឃើញរឿងដ៏សោកសៅនឹងអយុត្តិធម៌បែបនេះបាន . សូមបងប្អូនទាំងអស់គ្នាជួយ share ចំពោះករណីនេះ
-ស្រវឹងហើយបើកបរ គឺខុសច្បាប់មួយតង់ហើយ
-ទីពីរ បើកលើសល្បឿន
-ទីបីបើករត់
-ទីបួន កោងកាងដាក់អ្នកកាស្សែតចង់វៃគេ
-ទីប្រាំ សងជំងឺចិត្ត 2500$ បញ្ចប់រឿង
សួរវិញថា ចុះជីវិតក្មេង ? សូមប៉ូលីសជួួយបកស្រាយ
សូមសំណូមពរដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រសួងយុត្តិធម៌ Ministry of Justice មេត្តាជួយអន្តរាគមន៍នឹងរកយុត្តិធម៌ជូនជនរងគ្រោះ ជាពិសេសទារកដែលមិនដឹងថាអាចនឹងមានជីវិតរឺអត់»។

គួររំលឹកដែលថា បច្ចប្បន្ននេះទារកកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ដោយស្ថិតក្នុងកាលៈទេសៈធ្ងន់ធ្ងរ បន្ទាប់ពីប៉ះទង្គិចយ៉ាងធ្ងន់នៃការបុករបស់រថយន្ត។ ដោយមានបំពុងអ៊ុកស៊ីសែនជំនួយជាប់ច្រមុះរហូតដើម្បីសម្រួលផ្លូវដង្ហើម។ ចំណែកបុរសដែលជាឪពុកបានរងរបួសធ្ងន់នៅមិនទាន់ដឹងខ្លួននៅឡើយ ខណៈនារីជាម្ដាយក៏រងរបួសយ៉ាងដំណំដែរប៉ុន្តែនៅមានស្មារតីដឹងខ្លួនគ្រប់គ្រាន់ ៕











