បរទេស៖ អាមេរិកបានបញ្ចេញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បេ ២១ រ៉ៃឌើ (B-21 Raider) ដែលវាមានបច្ចេកវិទ្យាខ្ពស់ការពារប្រព័ន្ធរ៉ាដា ហើយអាចហោះហើរដោយគ្មានអ្នកបើកបរបាន។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុង ផា ដែល (Palmdale)  កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២នេះថា កងទ័ពអាកាសសហរដ្ឋអាមេរិក និង ក្រុមហ៊ុន ណត រោប ហ្គ្រា មែន (Northrop Grumman) ដែលជាក្រុមហ៊ុនផលិតយន្តហោះយោធា និងបច្ចេកវិទ្យាយោធាអាមេរិកធំៗនៅលើពិភពលោក បានបើកដំណើរការជាផ្លូវការនូវការបង្ហាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បេ ២១ រ៉ៃឌើ (B-21 Raider)  នៅក្នុងរោងចក្រ ណត រោប ហ្គ្រា មែន (Northrop Grumman) ផ្ទាល់។

យន្តហោះទម្លាក់គ្រាប់បែក បេ ២១ រ៉ៃឌើ (B-21 Raider) គឺជាយន្តហោះទម្លាក់គ្រាប់បែកចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាង ៣ ទសវត្សរ៍មកនេះ ហើយប្រតិបត្តិការរបស់វាគឺសម្ងាត់បំផុត និងមានសមត្ថភាពដ៏ពិសេសអាចគេចពីរ៉ាដា និងអាចហោះហើរដោយគ្មានអ្នកបើកបរបាន។ មិនតែប៉ុណ្ណោះ បេ ២១ រ៉ៃឌើ (B-21 Raider) អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានទាំងពីរផ្នែក និងអាចដាក់អាវុធធម្មតាដែលមិនមានសក្តានុពលបំផ្លិចបំផ្លាញខ្ពស់នៅក្នុងនោះផងដែរ។

ទោះជាយ៉ាងណាបើតាមប្រភពពីក្រុមហ៊ុ​ន ណត រោប ហ្គ្រា មែន (Northrop Grumman) បានបន្ថែមថាយន្តហោះ បេ ២១ រ៉ៃឌើ (B-21 Raiders) ចំនួន ៦ គ្រឿងដំបូងកំពុងត្រូវបានដំឡើងដោយប្រើប្រព័ន្ធគ្រប់គ្រងថ្មី និងប្រើប្រាស់បច្ចេកវិទ្យាជំរុញថ្មី ដោយវាអាចក្លែងបន្លំ និងបញ្ឆោតរ៉ាដាឱ្យមើលមកវាជា “វត្ថុមួយផ្សេងទៀត”។

យ៉ាងណាមិញ សម្រាប់តម្លៃរបស់ បេ ២១ រ៉ៃឌើ (B-21 Raider) ត្រូវបានគេប៉ាន់ប្រមាណថាជិត ៧០០ លានដុល្លារក្នុងមួយគ្រឿង ហើយការហោះហើរលើកដំបូងទំនងជានឹងធ្វើឡើងនៅឆ្នាំក្រោយនេះ។ ពិតណាស់អ្នកដែលឡើងសាកល្បងដំបូងគឺជាកងទ័ពអាកាសអាមេរិកដែលត្រូវតែជាអតិថិជនដំបូងបង្អស់។

បន្ថែមពីនោះផែនការនៃការបង្កើតយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-21 Raider នេះត្រូវបានគេរាយការណ៍ថាមានគេបញ្ជាទិញនូវយន្តហោះប្រភេទនេះចំនួនជិត ១០០គ្រឿងហើយមកទល់ពេលនេះ៕ ប្រភព៖ Dailynews