បរទេស៖ ជាអកុសល មានឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរ Precision Air ដែលបានធ្លាក់នៅបឹង Victoria បណ្ដាលឱ្យមានមនុស្សចំនួន១៩នាក់បានបាត់បង់ជីវិត ក្នុងចំណោមអ្នកដំណើរចំនួន៣៩នាក់ និងអ្នកបើកបរចំនួន២នាក់ព្រមទាំង អ្នកបម្រើលើយន្តហោះ២នាក់ផ្សេងទៀត។

កាលថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២២ ទីភ្នាក់ងារសារព័ត៌មានបរទេស BBC បានរាយការណ៍ពីដំណើរការនៃសោកនាដកម្មយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Precision Air ក្នុងប្រទេសតង់ហ្សានី ដែលមានអ្នកដំណើរ ៣៩ នាក់ អ្នកបើកយន្តហោះ ២ នាក់ និង អ្នកបម្រើ ២នាក់  រួមទាំងអស់ ៤៣ នាក់នៅលើយន្តហោះ ដោយបានធ្វើដំណើរទិសដៅចេញពីទីក្រុង Dar es Salaam ជាទីក្រុងសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសតង់ហ្សានី គ្រោងទៅកាន់ព្រលានយន្តហោះ Bukoba នៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា កន្លងទៅ។

ខណៈកំពុងតែធ្វើដំណើរដោយមានរយៈចម្ងាយពីព្រលានត្រឹមតែ ៩០ម៉ែតពីផ្លូវចុះចតក្នុងព្រលានយន្តហោះ Bukoba  ក៏ដោយ ប៉ុន្តែជាអកុសល ស្រាប់តែយន្តហោះបានធ្លាក់ក្នុងបឹង Victoria ដែលជាបឹងទឹកសាបដ៏ធំបំផុតរបស់ប្រទេសតង់ហ្សានី ខណៈពេលដែលយន្តហោះកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋានមួយនេះ ចំពេលអាកាសធាតុកំពុងអាក្រក់ មានព្យុះផ្គររន្ទះ។ ជាលទ្ធផលឧបទ្ទវហេតុនេះបណ្តាលឱ្យមនុស្សយ៉ាងតិច ១៩ នាក់បានបាត់បង់ជីវិត។

យ៉ាងណាមិញលោក Patrick Mwanree នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Precision Air  បានធ្វើសេចក្តីថ្លែងការណ៍ មួយកាលពីល្ងាចថ្ងៃអាទិត្យ និងសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុ ដោយបញ្ជាក់ថាមនុស្ស ២៤នាក់ បានរួចរស់ជីវិតពីការធ្លាក់យន្តហោះ ​ប៉ុន្តែជាអកុសលអ្នកបើកយន្តហោះពីរនាក់បានជាប់នៅក្នុងកាប៊ីន បន្ទាប់ពីយន្តហោះបានធ្លាក់ក្នុងបឹង និងបានបាត់បង់ជីវិតក្នុងចំណោមអ្នកដំណើរបាត់បង់ជីវិតចំនួន១៧នាក់ផ្សេងទៀត៕ ប្រភព៖ Thairath