ប្រទេសនូវែលសេឡង់៖ បង្ហាញពីរឿងរ៉ាងរបស់ Mokomokai ដែលជាក្បាលប្រធានកុលសម្ព័ន្ធ Maori នៅប្រទេសនូវែលសេឡង់ ទាក់ទងនឹងការស្លាប់ រួមជាមួយនឹងស្នាមសាក់ប៉ុន្តែវាបានប្រែក្លាយទៅជាទំនិញដ៏មានតម្លៃ។

កុលសម្ព័ន្ធ Maori គឺជាជនជាតិដើមក្នុងប្រទេសនូវែលសេឡង់ ​ដែលគេស្គាល់ថាមានស្នាមសាក់ប្លែកៗ ជាពិសេសគឺ Moko ដែលជាស្នាមសាក់នៅលើមុខបុរសជនជាតិនោះ ដែលនឹងតំណាងឱ្យអត្តសញ្ញាណរបស់មនុស្ស ពីលក្ខណៈ កុលសម្ព័ន្ធ មុខរបរ ត្រកូល រហូតដល់ឋានៈសង្គម សមត្ថភាព និងទ្រព្យសម្បត្តិ ឬភាពជោគជ័យរបស់ពួកគេ។ ក្នុងនោះរឿងដ៏គួរឱ្យចាប់អារម្មណ៍ នៅពេលដែលបុរសជនជាតិ Maori ជាមួយស្នាមសាក់ Moko បានស្លាប់ ក្បាលរបស់ពួកគេត្រូវបានកាត់ចេញដើម្បីធ្វើ ជាMokomokai ។ ដោយ Mokomokai គឺជាក្បាលរបស់បុរសជនជាតិ Maori ដែលមានស្នាមសាក់ Moko នៅលើផ្ទៃមុខរបស់ពួកគេ ដែលត្រូវបានរក្សាទុកជាអនុស្សាវរីយ៍ នៅពេលដែលបុរសនោះបានស្លាប់ទៅ ក្បាលនឹងត្រូវកាត់ចេញពីរាងកាយ ភ្នែក និងខួរក្បាលនឹងត្រូវយកចេញ បន្ទាប់មកគេនឹងត្រូវបានសម្អាត រុំដោយក្រណាត់សរសៃរុក្ខជាតិ និងជ័រ រួចយកទៅចម្អិនឬចំហុយ ក្រោយមកយកទៅហាលថ្ងៃ រហូតដល់ស្ងួតអស់ បន្ទាប់មកលាបជាមួយប្រេងត្រីឆ្លាម ហើយទុកក្នុងប្រអប់មួយ ហើយធ្វើជាវត្ថុនៃការគោរពបូជា  វាក៏ត្រូវបានគេជឿថាជាកន្លែងស្នាក់នៅរបស់វិញ្ញាណគ្រួសារនៃអ្នកស្លាប់នឹងត្រូវបានរក្សាទុកយ៉ាងល្អ ព្រមទាំងត្រូវបានគេនាំយកទៅកាន់ធ្នើសម្រាប់តែពិធីផ្សេងៗប៉ុណ្ណោះ។

បន្ទាប់មកទៀតក៏មានសង្គ្រាមបានកើតឡើងនៅក្នុងប្រទេសនូវែលសេឡង់ សម្រាប់សង្គ្រាមនេះមេកុលសម្ព័ន្ធ បានចាញ់នឹងត្រូវកាត់ក្បាលដើម្បីធ្វើជា Mokomokaiហើយបន្ទាប់មកត្រូវអាម៉ាស់មុខជាខ្លាំង ក្នុងនោះ Mokomokai ក៏ដើរតួយ៉ាងសំខាន់ក្នុងសង្គមផងដែរជាពិសេសយកមកធ្វើការចរចាការទូតរវាងកុលសម្ព័ន្ធ Maori ក៏នឹងត្រូវបានដោះដូរសម្រាប់កិច្ចសន្យាឈប់បាញ់ រវាងឆ្នាំ១៨០៧ និង១៨៣៧ សង្រ្គាម ៣០ ឆ្នាំបានកើតឡើងរវាងកុលសម្ព័ន្ធ Maori ជាច្រើន រហូតគេដឹងថាការប្រើកាំភ្លើងជាសង្គ្រាមដណ្តើម ទឹកដីនិងអំណាច ជាលទ្ធផល មនុស្សរាប់ម៉ឺននាក់ត្រូវបានចាប់ជាឈ្លើយនៅក្នុងប្រទេស មនុស្សជាច្រើនបានស្លាប់រហូតដល់ឆ្នាំ ១៨៤០ ចុងក្រោយនូវែលសេឡង់ត្រូវបានធ្លាក់ចូលអាណានិគមដោយចក្រភពអង់គ្លេស ហើយស្នាមសាក់ Moko បានចាប់ផ្តើមសាបរលាបបាត់ពីកុលសម្ព័ន្ធ Maori នេះ។

ចាប់ពីឆ្នាំសង្រ្គាមរហូតដល់ចុងសតវត្សទី ១៩  Mokomokai បានក្លាយជារង្វាន់សង្រ្គាម និងជាកំណប់ទ្រព្យ ដែលត្រូវបានជួញដូរទៅជាវត្ថុដ៏អស្ចារ្យ និងចរាចរនៅទូទាំងពិភពលោក ក្នុងនោះមានម្នាក់ គឺជាឧត្តមសេនីយ៍ Horatio Gordon Robley ដែលជាតួអង្គសំខាន់ក្នុងសង្គ្រាមនូវែលសេឡង់ម្នាក់ផងដែរ លោកបានចាប់អារម្មណ៍នឹងស្នាមសាក់របស់ជនជាតិដើមភាគតិច Mokomokai នេះជាខ្លាំង គាត់មានក្បាលទាំងនេះច្រើនជាង ៤០ ក្បាលដែលជាកម្មសិទ្ធិរបស់គាត់ ហើយលោកក៏បានសម្រេចចិត្តយកក្បាលទាំងនេះ ត្រឡប់ទៅប្រទេសអង់គ្លេស ដើម្បីធ្វើការបង្ហាញ និង ផ្តល់វាទៅឱ្យរដ្ឋាភិបាលនូវែលសេឡង់វិញ ប៉ុន្តែវាត្រូវបានគេបដិសេធ ចុងក្រោយលោកក៏បានសម្រេចចិត្តលក់វាទៅឱ្យសារមន្ទីរវិទ្យាសាស្ត្រធម្មជាតិអាមេរិកវិញ។

ទោះជាយ៉ាងណា​ ចុងក្រោយ Mokomokai ទាំងអស់ គេបានធ្វើការប្រមូលត្រលប់ទៅនូវែលសេឡង់វិញក្នុងឆ្នាំ ២០១៤ ហើយយុទ្ធនាការមួយបានអំពាវនាវឱ្យមានការស្ដារឡើងវិញនូវ Mokomokai សារជាថ្មីពីជនបរទេសផ្សេងៗ ទៅកាន់មាតុភូមិនេះវិញ និងត្រូវបានបង្កើតឡើង បន្តរហូតដល់បច្ចុប្បន្ន៕ ប្រភព៖ Kapook