ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេរដ្ឋាភិបាល នឹងអនុវត្តការប្រមូលពន្ធមូលធន នៅដើមឆ្នាំ២០២១ទៅ។ គោលដៅនៃការអនុវត្តពន្ធនេះ គឺដើម្បីប្រមូលលុយពីអ្នកមានប្រាក់ចំណេញលើអចលនទ្រព្យ មកជួយ«អ្នកក្រ»។ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងបែបនេះនៅក្នុងកម្មវិធីពន្ធដារកម្ពុជា ស្តីពី «ពន្ធលើចំណេញមូលធន» នៅថ្ងៃទី១ តុលានេះ។
មុនពន្ធមូលធននេះ លេចចេញជារូបរាង សាធារណជន ជាពិសេសអ្នករកស៊ីអចលនទ្រព្យ កំពុងបង្ហាញក្តីព្រួយបារម្ភពីអាជីវកម្មខ្លួន ស្របពេលដែលវិបត្តិកូវីដ-១៩ កំពុងអូសបន្លាយពេល។ ពួកគេមិនទាន់ចង់ឱ្យរដ្ឋ ឆាប់អនុវត្តពន្ធចំណេញលើមូលធននេះឡើយ។
ផ្ទុយពីក្តីព្រួយបារម្ភនេះ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ អះអាងថា ការអនុវត្តពន្ធនេះ មិនមែនជាការសង្កត់«ក» រាស្ត្រនោះទេ។ បើតាមលោក គង់ វិបុល ការបង្កើតពន្ធនេះ គឺដើម្បីយកប្រាក់ចំណេញពីអ្នកលក់អចលនទ្រព្យ មកជួយពលរដ្ឋក្រីក្រប៉ុណ្ណោះ។
អគ្គនាយកដ្ឋានពន្ធដាររូបនេះ បាននិយាយដូច្នេះថា៖«ពន្ធនេះ ជាពន្ធចំណេញមូលធន មានន័យថា បើសិនជាប្រជាពលរដ្ឋ លក់(អចលនទ្រព្យ)បានចំណេញត្រូវបង់ហើយ គឺអត់សង្កត់ ក ទេ។ ហើយបើប្រជាជន(លក់អចលនទ្រព្យខាត) នៅក្នុងកាលៈទេសៈហ្នឹង ឧទាហរណ៍ គាត់ត្រូវបង្ខំលក់ដីហ្នឹង ដែលបានទិញដីមួយកន្លែងសម្រាប់ទុកលក់ តែវិបត្តិកូវីដនេះ វាលក់ទៅខាត គឺអត់ត្រូវបង់ទេ។ អ៊ីចឹងមិនមែនពន្ធនេះ ដាក់មកសម្រាប់សង្កត់ ក រាស្ត្រទេ គឺដើម្បីយកពន្ធពីអ្នកចំណេញ យកទៅជួយរាស្ដ្រ ដែលប៉ះពាល់»។
លោក គង់ វិបុល បានសង្កត់ធ្ងន់ថា ពន្ធលើចំណេញមូលធននេះ វានឹងអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្រក្រី រួមទាំងការអភិវឌ្ឍជនបទ កសាងមន្ទីរពេទ្យ សាលារៀន ផ្លូវ អណ្ដូងទឹក និងស្រះទឹកជាដើម។ «បើសិនជាយើង មិនយក(ពន្ធ)ពីអ្នកដែលមានប្រាក់ចំណេញ វាហាកបីដូចជាបានពន្ធពីណាយក ។ ហើយរដ្ឋអត់យកពន្ធទេ ពីអ្នកដែលលក់ខាត ហើយប្រជាពលរដ្ឋទូទៅ បើសិនជាអត់មានការលក់ ក៏អត់ជាប់ពន្ធដែរ។ ពន្ធមូលធននេះ បើលក់ចំណេញចាំបង់ បើលក់មិនចំណេញ អត់បង់ អត់ត្រូវជាប់(ពន្ធ)ទេ»។ នេះជាការបញ្ជាក់របស់លោក គង់ វិបុល ។
លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបន្ថែមថា ពន្ធនេះ មិនគ្របដណ្ដប់លើពលរដ្ឋទូទៅទេ បើសិនជាពួកគេ គ្មានអចលនទ្រព្យលក់នោះ។ បើតាមលោក ពុទ្ធិពល អ្នកដែលជាប់ពន្ធភាគច្រើន គឺអ្នករកស៊ីអចលនទ្រព្យ។ «កន្លងមកមានការយល់ច្រឡំថា ប្រជាជនគ្រប់រូបត្រូវបង់ពន្ធនេះ អ៊ីចឹងហើយបានជាគាត់ជ្រួលច្រាល។ ខ្ញុំគិតថាអ្នកដែលបង់ពន្ធនេះច្រើនគេ ៩០ភាគរយ គឺអ្នកដែលមានរបរអាជីវកម្មទៅលើខាងផ្នែកអចលនទ្រព្យនោះឯង។ប៉ុន្តែចំពោះប្រជាជនទូទៅ ច្បាស់ជាមិនជាប់(ពន្ធ)ទេ»។ នេះជាការបញ្ជាក់របស់អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕