តើជាការពិតដែរឬទេ នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា លទ្ធផលការស្រាវជ្រាវចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា ការលេងទូរស័ព្ទដៃប្រឈមនឹងកើតជំងឺមហារីកខួរក្បាល និងមហារីកឈាម?
មនុស្សភាគច្រើនមានទម្លាប់ដាក់ទូរស័ព្ទនៅជិតក្បាលដំណេករបស់ខ្លួន រហូតដល់មានការដាស់តឿនថា ទម្លាប់បែបនេះ នឹងធ្វើឱ្យកើតជំងឺមហារីកខួរក្បាល និងឈាម ។ វាធ្វើឱ្យមានការជជែកគ្នាយ៉ាងច្រើនពីការលើកឡើងបែបនេះ ខណៈផ្នែកវិទ្យាសាស្ត្របានផ្តោតសំខាន់លើសុខភាពអ្នកប្រើប្រាស់ទូរស័ព្ទដៃដោយសាររលកសញ្ញា ។
យោងតាមលទ្ធផលស្រាវជ្រាវពីផលប៉ះពាល់សុខភាពដោយសាររលកសញ្ញាបង្ហាញថា ទូរស័ព្ទដៃពុំពាក់ព័ន្ធជាមួយជំងឺមហារីកខួរក្បាលឡើយ ។ ការស្រាវជ្រាវនេះរៀបចំឡើងដោយអង្គការសុខភាពពិភពលោក និងបានផ្សព្វផ្សាយជាសាធារណៈក្នុងទស្សនាវដ្តីឈ្មោះ «Environment International» ។
ការស្រាវជ្រាវនេះមានចំណងជើងថា «ផលប៉ះពាល់ដោយសាររលកសញ្ញាប្រេកង់ និងការប្រឈមនឹងជំងឺមហារីកសម្រាប់មនុស្សទូទៅ និងមនុស្សពេញវ័យធ្វើការ» បង្ហាញថា ការប្រើប្រាស់ទូរស័ព្ទដៃពុំពាក់ព័ន្ធជាមួយការកើតជំងឺមហារីកខួរក្បាលឡើយ ។
អ្នកជំនាញមកពីភ្នាក់ងារការពារវិទ្យុសកម្ម និងសុវត្ថិភាពនុយក្លេអ៊ែរអូស្ត្រាលី បានពិនិត្យការស្រាវជ្រាវជាង៥.០០០ករណី ឃើញថា បើទោះជាការប្រើប្រាស់បច្ចេកវិទ្យាឥតខ្សែបានកើនឡើងខ្លាំងក្តី ប៉ុន្តែវាពុំបណ្តាលឱ្យកើតជំងឺមហារីកខួរក្បាលទេ ។
អ្នកចូលរួមការស្រាវជ្រាវនេះ គឺពួកគេចូលចិត្តចុចទូរស័ព្ទយូរ និងចំណាយពេលចុចទូរស័ព្ទអស់ជាច្រើនឆ្នាំ ។ Mark Elwood ជាអ្នកចូលរួមសរសេរការស្រាវជ្រាវ និងជាសាស្ត្រាចារ្យផ្នែកជំងឺមហារីកនៅសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់ និយាយថា ការស្រាវជ្រាវលើកនេះបានផ្តោតលើជំងឺមហារីកខួរក្បាលមនុស្សចាស់ និងកុមារ និងមហារីកឈាម ព្រមទាំងផលប៉ះពាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទ និងការធ្វើការ ។
Mark Elwood អ្នកចូលរួមសរសេរការស្រាវជ្រាវនិយាយថា ៖ «បើទោះការប្រើប្រាស់ទូរស័ព្ទដៃបានកើនឡើងយ៉ាងឆាប់រហ័ស តែចំនួនអ្នកជំងឺមហារីកខួរក្បាលនៅតែដូចមុន ។ ចំណុចសំខាន់ យើងនឹងស្រាវជ្រាវបន្តទៀត ហើយយើងប្រាកដចិត្តថា វាពុំពាក់ព័ន្ធគ្នាទេ រវាងការប្រើទូរស័ព្ទដៃជាមួយសាច់ដុំខួរក្បាល ។ ការទទួលបានរលកវិទ្យុពីបច្ចេកវិទ្យាឥតខ្សែពុំបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សទេ» ៕