ថ្មីៗនេះតារាចម្រៀង ប៉ាច គីមមួយ និង សយ រតនៈ ដែលអ្នកទាំងពីរជាគូដណ្តឹងនឹងគ្នាបានចេញបទមួយដោយយកលំនាំដើមតាមបទចិន ដែលគេដឹងថាបទនោះមានភាពល្បីល្បាញខ្លាំងពេលផ្ទុះរឿង Fat Cat។ យ៉ាងណាមិញ ការចេញបទខ្មែរដែលយកលំនាំតាមចិននេះមានអ្នកពេញចិត្តអត្ថន័យបទនេះជាច្រើន ខណៈមតិរិះគន់មានចំនួនតិចតួចបំផុតដោយស្នើឱ្យតារាចម្រៀងទាំងពីររូបកុំCopy យកលំនាំតាមគេគួរច្នៃអ្វីដែលជារបស់ខ្លួនឯង។.png)
កាលពីយប់ថ្ងៃទី៣ មិថុនា តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាស ប៉ាច គីមមួយ និងគូដណ្តឹង សយ រតនៈ បានទម្លាក់បទមួយមានចំណងជើងថា «កុំរឹងមាំពេក» នៅលើគណនីបណ្តាញសង្គមរបស់ខ្លួន។ មួយបទនេះ តារាចម្រៀងរូបនេះបានដាក់នៅលើចំណងជើងថា យកលំនាំតាមបទចិន ខណៈបទចិនដែលល្បីល្បាញខ្លាំងផ្ទុះពេញបណ្តាញសង្គមទូទាំងពិភពលោកគឺហេតុការណ៍របស់ Fat Cat ដែលបានសម្លាប់ខ្លួនបន្ទាប់ពីសង្សារសុំបែក។
ក្នុងអត្ថន័យបទ «កុំរឹងមាំពេក» ដែលនិពន្ធទំនុកច្រៀងដោយ Vin Osaka បកស្រាយដោយ ប៉ាច គីមមួយ និង សយ រតនៈ បានលើកទឹកចិត្តអ្នកកំពុងមានបញ្ហាក្នុងជីវិត មានរឿងពិបាកចិត្ត ខូចចិត្តចង់យំអាចយំបានហើយការយំនេះមិនមែនបញ្ជាក់ថាយើងជាមនុស្សទន់ជ្រោយនោះទេ កុំធ្វើជាមនុស្សរឹងមាំពេក។ បទនេះក៏លើកឡើងដែរថាការយំពេលខ្លះធ្វើឱ្យយើងរំសាយចិត្ត ពេលជួបបញ្ហា ឈឺចាប់ចុះតែកុំដល់ថ្នាក់ចង់ស្លាប់រហូតដល់បញ្ចប់ជីវិត គ្រប់យ៉ាងមិនមែនបានដូចចិត្តយើងចង់បានលើលោកគ្មានអ្វីថិតថេរឡើយ កុំចុះចាញ់នឹងបញ្ហា។
បទចម្រៀងខ្មែរយកតាមលំនាំចិនដែលជាបទបង្កប់ទៅដោយអត្ថន័យលើកទឹកចិត្តនិងចាក់ចំចំណុចមនុស្សជាច្រើនធ្វើឱ្យអ្នកទាំងពីរមានសន្ទុះគាំទ្រច្រើនជាងមតិរិះគន់ ព្រោះបច្ចុប្បន្នបទខ្មែរដែលចម្លងពីបរទេសនឹងរងការវាយប្រហារពីមហាជនមិនខាន។ យ៉ាងណាមិញ មួយបទនេះមានការពេញចិត្តច្រើនពីទស្សនិកជន ដែលវាយតម្លៃថាបទនេះពីរោះអ្នកច្រៀងដាក់មនោសញ្ចេតនាល្អ បង្កប់ទៅដោយអត្ថន័យ គួបផ្សំបទចិនជាបទដើមល្បីនិងពីរោះទៀតទើបធ្វើឱ្យមតិរិះគន់មានតិចបំផុត។
សម្រាប់អ្នកមួយចំនួនដែលបញ្ចេញមតិរិះគន់បានលើកឡើងដែរថា Copy បានលឿនខ្មែរយើងរហ័សទាន់ចិត្ត ។ គណនី មួយទៀតបានលើកឡើងដែរថា បទពីរោះអត្ថន័យក៏ល្អ តែសុំចិត្តកុំcopyយកលំនាំតាមបទគេពេក សុំច្នៃអ្វីដែលជារបស់ខ្លួនឯង។ យ៉ាងណាមិញ មតិជាច្រើនទៀតបានសរសើរតារាចម្រៀងទាំងទ្វេខណៈមានអ្នកត្រូវសាច់រឿងច្រើន ជីវិតកំពុងប្រឈមជាមួយនឹងបញ្ហា៕










