អន្តរជាតិ៖ រុស្ស៊ីបានប្រើយុទ្ធសាស្ត្រវាយផ្តាច់ភ្លើង និងទឹកដាក់លើបណ្តាតំបន់ទីប្រជុំជនអ៊ុយក្រែន ដើម្បីបង្ខំឱ្យអ៊ុយក្រែនចូលតុចរចា, ប៉ុន្តែអ៊ុយក្រែនវេលាចុងក្រោយ ត្រូវគេរាយការណ៍ថា បានសម្រេចជ្រើសយកការចរចាលើសមរភូមិវិញ ជាជាងការចរចារកសន្តិភាព។ ភាពមិនត្រូវគ្នានេះ អ្នកដែលកំពុងរងគ្រោះជាបន្ត គឺប្រជាពលរដ្ឋអ៊ុយក្រែន។ ជីវិតរបស់មនុស្សរាប់លាននាក់ នឹងស្ថិតក្រោមការគំរាមកំហែងនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរដូវរងារនេះ គ្រាដែលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលកម្តៅ ត្រូវបានបំផ្លាញនិងខូចខាតខ្ទេចខ្ទី ដោយសារតែការវាយប្រហាររបស់រុស្ស៊ី។

នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុប លោកវេជ្ជបណ្ឌិត ហាន ហេនរី ភី ឃ្លូស (Hans Henri P Kluge) បានថ្លែងថា ពាក់កណ្តាលនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ត្រូវបានខូចខាត ឬត្រូវបានបំផ្លាញ និងមនុស្ស១០លាននាក់កំពុងរស់នៅដោយគ្មានអគ្គីសនីប្រើប្រាស់។ លោកវេជ្ជបណ្ឌិត Hans Henri P Kluge បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គីសនីរបស់អ៊ុយក្រែនប្រមាណពាក់កណ្តាល ត្រូវបានខូចឬត្រូវបានបំផ្លាញ។ នេះគឺជាការប៉ះទង្គិចខ្លាំងណាស់លើប្រព័ន្ធសុខភាព និងលើចំណោទសុខភាពរបស់មនុស្ស។

សីតុណ្ហភាពត្រជាក់ក្នុងរដូវរងារ បានបន្តធ្លាក់ចុះ និងត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ចុះដល់ -20C នៅក្នុងតំបន់មួយចំនួន។ អង្គការសុខភាពពិភពលោកបានកត់ត្រា នូវការវាយប្រហារដោយរុស្ស៊ីចំនួន 703 ដង លើហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់សុខភាព ចាប់តាំងពីអំពើឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម។ កាលពីសប្តាហ៍មុន រុស្ស៊ីបានវាយប្រហារច្រើនថែមទៀតដាក់ទៅលើគោលដៅនៃកន្លែងថាមពល និងលើសំណង់អគារស៊ីវិល តាមរយៈការវាយប្រហារផ្លូវអាកាសដ៏ខ្លាំងបំផុតមួយ។ គ្រាន់តែនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ តែមួយថ្ងៃប៉ុណ្ណោះ ការវាយប្រហាររបស់រុស្ស៊ីដាក់លើអ៊ុយក្រែនមានចំនួនប្រមាណជិត៤០០ដង។

ការវាយប្រហារលើទីតាំងនិងមជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលអគ្គីសនីនេះ ត្រូវគេចាត់ទុកថាជាយុទ្ធសាស្ត្ររបស់រុស្សី បន្ទាប់ពីនៅលើសមរភូមិវេលាចុងក្រោយនេះ កងកម្លាំងរុស្ស៊ី បានធ្វើការដកថយក្រោយដោយសារការវាយប្រហារខ្លាំងរបស់អ៊ុយក្រែន ដែលមានជំនួយនិងអាវុធយោធាទំនើបផ្តល់ពីប្រទេសលោកខាងលិច និងពីសហរដ្ឋអាមេរិក ដូចជាអាវុធ ហ៊ីម៉ារ (HIMARS) នោះជាដើម។ កម្លាំងរុស្ស៊ីវេលាចុងក្រោយនេះ ត្រូវបានគេឃើញធ្វើការដកចេញពីក្រុង ឃឺសុន (Kherson) នោះទៀតជាដើម។ ប៉ុន្តែរុស្ស៊ីដើម្បីស្តារការបាក់មុខក្នុងការដកថយលើសមរភូមិ បានប្រើប្រាស់យុទ្ធវិធីថ្មីតាមរយៈការវាយប្រហារផ្លូវអាកាស តម្រង់មកលើគោលដៅផ្គត់ផ្គង់ទឹកនិងភ្លើង ខណៈដែលរដូវចុះត្រជាក់បង្កភាពរងារ បានធ្វើឱ្យពលរដ្ឋក្នុងទ្វីបអឺរ៉ុប ត្រូវ ការថាមពលកម្តៅជាខ្លាំង។

គួរជាបញ្ជាក់ថាជារៀងរាល់ឆ្នាំ ភាពត្រជាក់ក្នុងទ្វីបអឺរ៉ុបបើទោះបី ជាមិនទាន់មានការខ្វះខាតនូវថាមពលកម្តៅក៏ដោយ ប៉ុន្តែតែងបានធ្វើឱ្យមានមនុស្សស្លាប់ ជាប្រចាំប្រមាណ២០ម៉ឺននាក់។ ប៉ុន្តែក្នុងរដូវត្រជាក់ក្នុងឆ្នាំ២០២២ ដែលកំពុងមានការខ្វះថាមពលកម្តៅ ដោយសារតែកត្តាសង្គ្រាមរុស្ស៊ីដាក់លើប្រទេសអ៊ុយក្រែននេះ និងធ្វើឱ្យថាមពលកម្តៅប្រើប្រាស់គ្រប់គ្រាន់មិនដូចពីមុននោះ នឹងត្រូវគេរំពឹងថាអាចធ្វើឱ្យតួលេខមនុស្សស្លាប់ក្នុងរដូវត្រជាក់ នឹងមានការកើនឡើង ជាពិសេសក្នុងប្រទេសអ៊ុយក្រែន ។

លោកវេជ្ជបណ្ឌិត ឃ្លូស (Kluge) នៃអង្គការសុខភាពពិភពលោកលោក បានប្រាប់សន្និសីទសារព័ត៌ មាននៅរដ្ឋធានី កៀវ (Kyiv) របស់អ៊ុយក្រែនក្នុងសប្តាហ៍នេះថា បើនិយាយឱ្យសាមញ្ញ រដូវរងានេះ គេនឹងត្រូវនិយាយអំពីការដែលអាចរួចខ្លួនមានជីវិតរស់នៅ។ លោកវេជ្ជបណ្ឌិត Kluge បានថ្លែងថាអង្គការសុខភាពពិភពលោកបានរកឃើញថាមានការ វាយប្រហារចំនួន៧០៣លើក ដាក់លើប្រព័ន្ធសុខភាពចាប់តាំងពីមានសង្គ្រាមចាប់ផ្តើមប្រមាណ៩ខែមកនេះ។ លោកថ្លែងថា ការវាយប្រហារដាក់លើប្រព័ន្ធសុខភាពនេះ គឺជាការបំពានច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់របស់សង្គ្រាម។ លោកបានបន្ថែមថា ប្រព័ន្ធសុខភាពរបស់អ៊ុយក្រែនកំពុងប្រឈមមុខនឹងថ្ងៃដ៏ខ្មៅងងឹតបំផុត នៅក្នុងសង្គ្រាមមកទល់ពេលនេះ។

លោកថ្លែងទៀតថា ដំណោះស្រាយដ៏ល្អបំផុតរបស់វា គឺការបញ្ចប់សង្គ្រាម។ លោកបាននិយាយបន្តថា ដោយសារតែការវាយប្រហារនោះហើយ បានបណ្តាលឱ្យមន្ទីរពេទ្យច្រើនរយកន្លែង និងកន្លែងថែទាំសុខភាព លែងមានដំណើរការពេញលេញ ដោយការខ្វះប្រេងឥន្ធនៈ, ខ្វះទឹក និងដាច់អគ្គិសនី ដែលជាមូលដ្ឋាន សំខាន់បំផុតមិនអាចខ្វះបានឡើយ។ លោកបានមើលឃើញថា កន្លែងសម្ភព ត្រូវការកន្លែងដែលត្រូវថែរក្សាទារក, ការរក្សាឈាម ក៏ត្រូវការទូត្រជាក់ផ្គត់ផ្គង់ដោយអគ្គីសនី, គ្រែសម្រាប់ថែទាំអ្នកជម្ងឺក៏ត្រូវពឹងផ្អែកខ្លាំង លើម៉ា ស៊ីនដកដង្ហើម។ ហើយអ្វី “ទាំងអស់គឺត្រូវការថាមពល” ដែលគេមិនអាចខ្វះបានឡើយ។

មន្ត្រីអង្គការសុខភាពពិភពលោក បានថ្លែងរំពឹងថា «នឹងអាចមានមនុស្សច្រើនប្រមាណពី ២ ដល់៣លាននាក់ ក្នុងការធ្វើដំណើរចាកចេញពីផ្ទះរបស់គេដើម្បីស្វែងរកទីកន្លែងដែលមាន ផ្តល់ថាមពលកម្តៅ និងកន្លែងដែលផ្តល់សុវត្ថិភាព។ ពួកគេនឹងប្រឈមឧបសគ្គតែមួយគត់ គឺឧបសគ្គនៃសុខភាព ក្នុងនោះរួមមានទាំងភាពប៉ះពាល់លើជម្ងឺផ្លូវដង្ហើមដូចជាជម្ងឺឆ្លងកូវីដ-១៩, ជម្ងឺទឹកចូលសួត និងជម្ងឺគ្រុនផ្តាសាយធំនោះ ជាដើម»។ មន្ត្រីអង្គការសុខភាពពិភពលោក បានព្រមានជុំវិញការកើតនូវជម្ងឺខាន់ស្លាក់ និងជម្ងឺអុតកញ្ជ្រឹល ក្នុងរង្វង់ពល រដ្ឋដែលមានការចាក់ថ្នាំការពារមិនទាន់បានគ្រប់គ្រាន់។

លោកវេជ្ជបណ្ឌិត Kluge បាននិយាយបន្តទៀតថា លោកក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ អ្នកផ្ទុកមេរោគអេដស៍ចំនួន១ម៉ឺន៧ពាន់នាក់ នៅទីក្រុង ដូណេតស្ក៍​ (Donetsk) «ដែលពួកគេអាចនឹងអស់ ថ្នាំជួយការពារប្រឆាំងមេរោគអេដស៍ក្នុងពេលឆាប់ៗនេះ ដែលថ្នាំទាំងនោះ គឺជាថ្នាំអាច ជួយបន្តឱ្យពួកគេនៅមានជីវិត»។ ប៉ុន្តែភាគច្រើននៃទីក្រុង Donetskនោះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ លោកវេជ្ជបណ្ឌិត Kluge បាននិយាយថា លោកកំពុងអំពាវនាវ ជាបន្ទាន់ឱ្យបង្កើតច្រករបៀងសុខភាពមនុស្សធម៌ ដើម្បីឱ្យមានជាតំបន់គ្រប់គ្រងថ្មី»។ លើសពីនេះទៀត គេក៏មានការព្រួយបារម្ភអំពីករណីឆ្លងជម្ងឺ Covid កើនឡើងផងដែរ។ លោកវេជ្ជបណ្ឌិត Kluge បាននិយាយថា “ជាមួយនឹងអត្រាការចាក់ថ្នាំវ៉ាក់សាំងមូលដ្ឋាន គឺនៅមានកម្រិតទាបនៅឡើយ ប្រជាជនអ៊ុយក្រែនរាប់លាននាក់នឹងប្រឈមភាពស៊ាំចុះខ្សោយ ឬពួកគេនឹងមិនមានភាពស៊ាំនឹងជម្ងឺកូវីដ-១៩ នោះឡើយ ។

សម្តីព្រមានដាស់តឿនរបស់មន្ត្រីអង្គការសុខភាពពិភពលោកនេះ គឺនៅចំពេលដែលការធ្លាក់ព្រិលបានឈានចូលមកដល់ ដោយធ្វើឱ្យសីតុណ្ហភាពកាន់តែធ្លាក់ចុះត្រជាក់កាន់តែខ្លាំង។ នៅទី ក្រុង Kyiv ព្រិលបានគ្របដណ្តប់លើផ្លូវដើរ។ សួនកុមារដែលធ្លាប់មានមនុស្សលេងក្នុងពេលព្រិលធ្លាក់ ប៉ុន្តែពេលនេះគ្មានមនុស្សបានមកលេងទៀតទេ។ ចំណែកកៅអីក្នុងសួនក៏គ្មាន មនុស្សមកអង្គុយលេងទៀតនោះដែរ។ មនុស្សតិចណាស់ត្រូវគេឃើញដើរនៅតាមផ្លូវ។ ពេលនេះ ទោះបីជាមានព្រិលធ្លាក់មកក៏ដោយ ប៉ុន្តែរដូវរងាពិតប្រាកដរបស់វា នៅមិនទាន់បាន ចាប់ផ្តើមជាផ្លូវការទេ ហើយសីតុណ្ហភាពទំនងជានឹងបន្តធ្លាក់ចុះបន្ថែមទៀត។

រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីហ្សីយ៉ា (Zaporizhzhia) ដែលធ្លាប់ផលិតអគ្គិសនីច្រើនជាង 25% របស់អ៊ុយក្រែន ពេលនេះលែងបង្កើតថាមពលជួយផ្តល់ទៀតហើយ។ កាលពីចុងសប្តាហ៍កន្លងមកនេះ, អំពើបាញ់ផ្លោងបានកើតឡើងសាជាថ្មីនៅតំបន់រោងចក្រនោះ ដែលនាំឱ្យមានការបារម្ភការធ្លាយចេញនូវជាតិវិទ្យុសកម្ម។ ការបាញ់ផ្លោងនោះ ត្រូវបានភាគីទាំង២ បន្ទោសដាក់គ្នាទៅវិញទៅមកថែមទៀត។

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វែល គ្រូស៊ី (Rafael Grossi) បានថ្កោលទោសចំពោះការវាយប្រហារនោះ ដោយនិយាយថាការបាញ់ដាក់លើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បានកើតឡើងនៅក្បែរៗវិះតែនឹងប៉ះដល់មជ្ឈមណ្ឌលផ្តល់ថាមពលនោះ។ អ្នកជំនាញផ្នែកថាមពលអាតូមិក IAEA បានចូលទៅពិនិត្យកន្លែងនោះ កាលពីថ្ងៃចន្ទទី២១ វិច្ឆិកា និងពួកគេបាននិយាយថា មានការខូចខាតយ៉ាងច្រើន ប៉ុន្តែបញ្ជាក់ថាមិនទាន់មានការ ព្រួយបារម្ភអំពីសុវត្ថិភាពសន្តិសុខឬសុវត្ថិភាពបារម្ភអំពីគ្រោះថ្នាក់សាយភាយនុយក្លេអ៊ែរនោះឡើយ។ រុស្ស៊ីនិងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើការវាយប្រហារដល់ លើមជ្ឈមណ្ឌលអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរនោះ។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន គិតត្រឹមថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ គឺមានរយៈពេល២៧១ថ្ងៃ ហើយ។ រុស្ស៊ីបានថ្លែងថាការវាយប្រហារតាមផ្លូវអាកាសដែលកាន់តែបង្កើនសកម្មភាពនេះ គឺដើម្បីបង្ខំឱ្យអ៊ុយក្រែន ត្រូវចូលតុចរចារកការបញ្ចប់សង្គ្រាម ប៉ុន្តែអ៊ុយក្រែនវេលាចុងក្រោយនេះ បានសម្រេចជ្រើសយកការចរចាលើសមរភូមិវិញ ជាជាងការចរចារកសន្តិភាព​ ៕