ឥណ្ឌា៖ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា និស្សិតឥណ្ឌារាប់សិបនាក់ បានចាប់គ្រូគណិតវិទ្យា និងបុគ្គលិកសាលាយកមកចងជាប់នឹងដើមឈើ ក្រោមហេតុផលសម្រាប់ការមិនពេញចិត្តជាមួយនឹងពិន្ទុតេស្តរបស់ពួកគេទាបពេក។

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើង ដោយសិស្សសាលាមធ្យមសិក្សានៅសាលាមួយក្នុងទីក្រុង Dumka រដ្ឋ Jharkhand ប្រទេសឥណ្ឌា ល្បួងគ្រូគណិតវិទ្យា និងបុគ្គលិកសាលាឱ្យមកជួបពួកគេ ដើម្បីធ្វើការសងសឹកលើពិន្ទុតេស្តទាបរបស់ពួកគេ។

ក្នុងនោះគេបានឃើញ បុរសបីនាក់ចងជាប់នឹងដើមស្វាយដែលគេដឹងថាជាគ្រូបង្រៀន ហើយមាន និស្សិតប្រុសរាប់សិបនាក់កាន់ដំបងគ្រប់ដៃនៅជុំវិញ។ រូបភាពមួយនេះបានសាយភាយយ៉ាងរហ័ស នៅលើបណ្តាញសង្គម រហូតដល់សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបានចុះទៅអន្តរាគមន៍សួរនាំទើបមានការបកស្រាយពីគ្រូៗដែលជាជនរងគ្រោះថា៖

“មូលហេតុនៃអំពើហិង្សាគឺកើតចេញពីការប្រឡងគណិតវិទ្យាកាលពីពេលថ្មីៗនេះ ដែលមានសិស្សសរុបចំនួន ៣២នាក់បានប្រឡងហើយសិស្សចំនួន ១១ នាក់បានជាប់និទ្ទេស DD (double D) ដែលត្រូវបានចាត់ទុកថាធ្លាក់។

ការធ្លាក់មួយនេះបានធ្វើឱ្យសិស្សមានការសង្ស័យអំពីពិន្ទុប្រឡងរបស់ពួកគេ ដូច្នេះពួកគេបានដាក់ សំណើសុំមើលសន្លឹកចម្លើយប៉ុន្តែត្រូវបាននាយកសាលាបដិសេធ។ ក្រោយមកពួកគេបានទៅរក បុគ្គលិកសាលាដើម្បីសុំជំនួយ ដើម្បីបង្ហាញសន្លឹកចំលើយ ប៉ុន្តែក៏ត្រូវបានគេបដិសេធផងដែរ។”

ការបរាជ័យនេះបានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំងសម្រាប់ពួកគេ នឹងមានគំនិតបានរៀបចំ ផែនការល្បួងគ្រូគណិតវិទ្យា និង បុគ្គលិកមកសាលាហើយក៏បានធ្វើការចាប់ចង់គ្រូ លើសពីនេះគេបានបញ្ជាក់ថាកូនសិស្សប្រុសទាំងនោះក៏បានវាយធ្វើបាបលើរាងកាយរបស់ជនរងគ្រោះផងដែរ។

យ៉ាងណាមិញយោងតាមរបាយការណ៍ ទោះបីជាមានភស្តុតាងក៏ដោយ ក៏សាលាបានសម្រេចចិត្តមិនបន្ទោសសិស្សនោះទេ ដោយសារហេតុផល «ខ្លាចបំផ្លាញអនាគតសិស្ស» ទើបជនរងគ្រោះមិនបាន ដាក់ពាក្យបណ្ដឹង ប៉ុន្តែនៅពេលដែលករណីនេះត្រូវបានគេរិះគន់ខ្លាំងពេក ជនរងគ្រោះក៏បានសម្រេច ដាក់ពាក្យបណ្តឹងប្រឆាំងនឹងសិស្សទាំង១១នាក់នោះដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ប្រភព៖ Khaosod