វៀតណាម៖ កាលពីពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍មកថា​ប្រស្ថានីយ៍ប្រេងសាំងមួយចំនួនក្នុងប្រទេសវៀតណាមកំពុងតែប្រឈមនឹងការអស់សាំងសម្រាប់ផ្គត់ផ្អង់ដល់អតិថិជនប្រើប្រាស់។

ទាក់ទងនឹងស្ថានភាពដ៏អាក្រក់នេះត្រូវបានកត់ត្រាដោយនាយកដ្ឋានឃ្លាំមើលទីផ្សារវៀតណាមនៅស្ថានីយ៍ចំនួន ២១ ផ្សេងគ្នាកាលពីថ្ងៃសៅរ៍កន្លងទៅ។ ក្នុងនោះគេបានរកឃើញពីការខ្វះខាតប្រេងសាំងក្នុងស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងទីក្រុងហាណូយ និង ខេត្តភាគខាងជើងនៃខេត្ត Thai Nguyen និងខេត្ត Vinh Phuc ត្រូវបានអស់ពីស្តុក។

ជាមួយគ្នានោះតំណាងស្ថានីយទាំងនេះក៏បានពន្យល់បញ្ជាក់ថា សហគ្រាសក្នុងស្រុកបានបញ្ឈប់ការផ្គត់ផ្គង់ ឬផ្គត់ផ្គង់ក្នុងបរិមាណតិចតួចប៉ុណ្ណោះដែលជាហេតុធ្វើឱ្យមានការខ្វះខាត ហើយនៅទីក្រុងហាណូយ ស្ថានីយ៍មួយចំនួនបានអស់សាំងតាំងពីថ្ងៃសៅរ៍ ទី៣ ខែកញ្ញាមកម្លេះ ហើយមាននៅសល់តែប្រេងម៉ាស៊ូតប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថាចាប់តាំងពីដើមឆ្នាំមក តម្លៃសាំងក្នុងស្រុកបានឆ្លងកាត់ការកែសម្រួលចំនួន ២២ ដងរួចមកហើយ ដែលក្នុងនោះមានដំឡើងតម្លៃចំនួន ១៣ ដង និងបញ្ចុះតម្លៃ ចំនួន ៨ ដង។ ក្នុងនោះគេបានបញ្ជាក់ថាការកែសម្រួលតម្លៃនៅថ្ងៃចន្ទកន្លងទៅនេះ គឺតម្លៃសាំងកើនឡើងបន្ទាប់ពីការ ធ្លាក់ចុះជាច្រើននិងរយៈពេលនៃស្ថិរភាព។

យ៉ាងណាមិញក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មបានបង្កើតវិធានការដែលដឹកនាំដោយអនុរដ្ឋមន្ត្រី ចំនួនបីរូប ដើម្បីចុះពិនិត្យស្ថានភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនៅទូទាំងរាជធានីខេត្ត និងវិធានការសម្របសម្រួលត្រូវធ្វើជាចាំបាច់ដើម្បីបញ្ជាក់ពីមូលហេតុនៃការខ្វះខាតប្រេងសាំង រួមទាំងការផ្គត់ផ្គង់ប្រេងសាំងផងដែរ៕ ប្រភព៖ vn express