ប្រទេសថៃ៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំងក្រោយពីមានការបង្ហាញនូវសត្វដំរីពីរក្បាលដែលកំពុងតែទឹមគ្នាក្នុងការភ្ជួរស្រែឱ្យប្រជាកសិករជំនួសគ្រឿងម៉ាស៊ីន ក៏ដូចជាជំនួសសត្វគោ ក្របី ក្នុងការរកប្រាក់ចំណូលបន្ថែម បន្ទាប់ពីជំងឺកូវីដ-១៩បានរាលដាល លើសពីនេះក៏ដើម្បីទាក់ទាញនូវភ្ញៀវទេសចរណ៍ផងដែរ។

កាលពីថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ២០២២ លោកស្រី Wasana Thongsuk នាយកប្រតិបត្តិក្រុមហ៊ុន Hug Chang Chiang Dao ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ បានបង្ហើបថា ពេលនេះក្នុងតំបន់ត្រូវបានអភិវឌ្ឍន៍ហើយ ដោយបានចាប់ផ្ដើមអភិវឌ្ឍន៏ និងប្រែក្លាយស្រុក ឈៀងដាវ ខេត្តឈៀងម៉ៃ(Chiang Mai) ដើម្បីជាកន្លែង ទាក់ទាញទេសចរណ៍ ក្នុងការអភិរក្សរបៀបរស់នៅរបស់សត្វដំរី ដោយបានយកសត្វដំរីពីក្បាលដែលមានសមត្ថភាពពិសេសក្នុងការជួយធ្វើចម្ការ សម្រាប់ដាំដំណាំ ដោយការជួយភ្ជួរស្រែនិងរៀបចំដីកសិករដាំកូនឈើ ក៏ដូចជាដំណាំផ្សេងៗជាដើម។

ជាទូទៅសត្វដំរីពីក្បាលនេះត្រូវបានគេនាំយកទៅបម្រើភ្ញៀវទេសចរណ៍ នៅតាមទីកម្សាន្តផ្សេងៗ ក៏ប៉ុន្តែត្រូវបានគេនាំយកមកកាន់ស្រុកកំណើតវិញបន្ទាប់ពីមានជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលពាសពេញពិភពលោករហូតធ្វើឱ្យសត្វដំរីភាគច្រើនគ្មានការងារធ្វើ។

ទើបគេបានចាប់ផ្ដើមនូវគំនិតដោយការយកសត្វសំរីមកជួយធ្វើការ និងរកប្រាក់ចំណូលចេញពីការភ្ជួរស្រែនេះ ​ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរណ៍មួយផ្នែក ដ៏គួរឱ្យចាប់អារម្មណ៍ ដោយបានបង្ហាញនូវសារសំខាន់ នៃស្រុកឈៀងដាវ ពីរបៀបរស់នៅរបស់មនុស្ស និង  សត្វដំរី ដែលនៅជាមួយគ្នាជាយូរមកហើយ ។ ក្នុងនោះត្រូវបានគេរំពឹងទុកក្នុងរដូវកាលនៃឆ្នាំនេះ ថាវាជាឱកាសក្នុងការបើកឱ្យភ្ញៀវទេសចរចូលមកទស្សនាដំរីភ្ជួររាស់ ដែលមានតែមួយគត់នៅក្នុងប្រទេសថៃ ក៏ដូចជាបានទស្សនា និងចូលរួមសកម្មភាពដាំស្រូវជាមួយនឹងសត្វដំរី៕ ប្រភព៖komchadluek