សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិកគ្រោងនឹងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នបន្ទាប់ពីមាន ករណីកើតជំងឺអុតស្វាច្រើនបំផុតនៅលើពិភពលោក ក្រោយពីមានការីករាលដាលជំងឺមួយនេះស្ទើរតែពាសពេញពិភពលោក។

ទាក់ទងនឹងការត្រៀមប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ ក្រោយពីមានការត្រួតពិនិត្យរកឃើញថា គិតត្រឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ មកនេះសហរដ្ឋអាមេរិកមាន​ប្រជាជនជាច្រើននាក់ដែលត្រូវបានបញ្ជាក់ និងសង្ស័យថាមានជំងឺអុតស្វាយ នេះបើយោងតាម មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកហៅកាត់CDC។

ទោះជាយ៉ាងណាចំនួននោះកាន់តែកើនឡើង បន្ទាប់ពីការធ្វើតេស្តពិនិត្យមើលបន្ថែមទៀត ត្រូវបានពង្រឹង ហើយឥឡូវនេះចំនួនករណីបានលើសប្រទេសអេស្ប៉ាញហើយដោយមាន ៣,១០៥ករណី ប៉ុន្តែសហរដ្ឋអាមេរិកមានរហូតទៅដល់ ៣,៨៤៦ ដែលត្រូវបានរាយការណ៍ថាសហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលមានជំងឺអុតស្វាច្រើនបំផុតនៅលើពិភពលោក។

ជាមួយគ្នានោះប្រព័ន្ធផ្សព្វផ្សាយមួយបានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិចារណាលើការប្រកាសពីការផ្ទុះជំងឺអុតស្វា ថាវាជាគ្រាអាសន្នសុខភាពសាធារណៈរបស់ប្រទេស បន្ទាប់ពីចំនួនអ្នកឆ្លងបានកើនឡើង។ លើសពីនេះរដ្ឋាភិបាលក៏កំពុងរៀបចំប្រកាសតែងតាំងអ្នកសម្របសម្រួលសេតវិមានផងដែរ ដើម្បីត្រួតពិនិត្យការដោះស្រាយពីជំងឺអុតស្វា។

យ៉ាងណាមិញអង្គការសុខភាពពិភពលោកបានប្រកាសអាសន្នសុខភាពសាធារណៈជាអន្តរជាតិពីជំងឺអុតស្វាចាប់តាំងពីថ្ងៃទី ២៣ ខែកក្ដដា ឆ្នាំ២០២២មកម្លេះ ព្រមទាំងបានបញ្ជាក់ថាមានករណីឆ្លងជំងឺអុតស្វានៅទូទាំងពិភពលោកចំនួន ៧៥ ប្រទេសរួចមកហើយ៕ ប្រភព៖ tnews