ប្រទេសឥណ្ឌា៖ នារីជនជាតិបង់ក្លាដែសម្នាក់បានធ្វើឱ្យមហាជនក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីនាងបានសម្រេចចិត្តធ្វើដំណើរជាច្រើនថ្ងៃ ដើម្បីឆ្លងដែនដោយដើរកាត់ព្រៃមានសត្វសាហាវៗ និង ហែលទឹកឆ្លងទន្លេ រាប់ម៉ោង ដើម្បីទៅរៀបការជាមួយគូស្នេហ៍ជាជនជាតិឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ទាក់ទងនិងរឿងរ៉ាវខាងលើនេះផងដែរបានកក្រើកពេញទាំងក្នុងបណ្ដាញសង្គម ក្រោយពីមានករណីដ៏គួរឱ្យហួសចិត្តរបស់នារីជនជាតិបង់ក្លាដែសម្នាក់មានឈ្មោះថា Krisna Mandal មានវ័យ២២ឆ្នាំ នាងបានសម្រេចចិត្តប្រថុយជីវិតធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃ ដើម្បីឆ្លងដែនពីប្រទេសបង់ក្លាដែសទៅកាន់ប្រទេសឥណ្ឌា ដោយដើរកាត់តាមព្រៃដ៏ធំដែលជាជំរកសត្វព្រៃសាហាវជាច្រើន ព្រមទាំងហែលទឹកឆ្លងទន្លេរយៈពេល១ម៉ោង ដើម្បីបានទៅរៀបការជាមួយគូស្នេហ៍ជាជនជាតិឥណ្ឌាដែលមានឈ្មោះថា Aphik Mandal ព្រោះអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈការលេងហ្វេសប៊ុកកន្លងមក។ ការសម្រេចចិត្តធ្វើដំណើរឆ្លងដែនខុសច្បាប់ ដែលត្រូវឆ្លងកាត់នូវឧបសគ្គជាច្រើនបែបនេះក៏ព្រោះតែនាងគ្មានលិខិតឆ្លងដែនធ្វើដំណើរឆ្លងប្រទេសនោះទេ។
ទោះជាយ៉ាងណាការលះបង់ពេលវេលា និងការប្រថុយជីវិតជាមួយគ្រោះថ្នាក់នៅតាមផ្លូវបែបនេះ Krisna Mandal ក៏បានរៀបការជាមួយគូស្នេហ៍បានសម្រេចដូចក្ដីប៉ងប្រាថ្នារបស់នាងពិតមែន នៅក្នុងទីក្រុង Kolkata នៃប្រទេសឥណ្ឌា។ ប៉ុន្តែក្ដីសុខមិនបានឋិតថេរយូរនោះទេ ដោយកាលពីថ្ងៃ ៣០កន្លងទៅនេះ នាងត្រូវបានគេចាប់ខ្លួន ដោយសារតែការចូលប្រទេសឥណ្ឌាខុសច្បាប់ បន្ទាប់មកនាងនឹងត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសបង់ក្លាដែសវិញ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលជនជាតិបង់ក្លាដែសត្រូវបានចាប់ខ្លួនពីបទចូលប្រទេសឥណ្ឌាដោយខុសច្បាប់ ដោយក្នុងពេលថ្មីៗនេះក៏មាន ក្មេងជំទង់ជនជាតិបង់ក្លាដែសម្នាក់ បាន ហែលទឹកឆ្លងកាត់ព្រំដែនដើម្បីរត់ពន្ធទំនិញពីប្រទេសឥណ្ឌា ហើយគាត់ត្រូវបានគេកាត់ទោសឱ្យជាប់ ពន្ធនាគាររយៈពេល ១៥ ថ្ងៃផងដែរ៕ ប្រភព៖ Kapook