ទីក្រុងតៃប៉ិ៖ នៅចន្លោះពីចុងខែមិថុនា រហូតដល់ដើមខែសីហា ឆ្នាំ២០២២ ប្រទេសមហាអំណាចកំពូល នៅលើពិភពលោក និង សម្ពន្ធមិត្ត បានបង្កើតល្បែងសង្គ្រាមដ៏ធំបំផុតមួយ នៅសមុទ្រប៉ាស៊ីហ្វិក ហើយសកម្មភាពយោធារបស់ប្រទេសទាំងនេះ ត្រូវគេមើលឃើញថា ជាការទប់ទល់នឹងឥទ្ធិពលរបស់ចិន កំពុងតែពង្រីកខ្លួនឥតឈប់ឈរ នៅក្នុងតំបន់ និង ពិភពលោក។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣ ខែមិថុនា ថា បើតាមសេចក្ដីរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ល្បែងសង្គ្រាមជើងទឹកដ៏ធំបំផុត នៅលើពិភពលោក ហៅកាត់ RIMPAC នឹងឃើញមានប្រទេស ចំនួន២៦ចូលរួម នៅឆ្នាំនេះ ប៉ុន្ដែមិនមានវត្ដមានតៃវ៉ាន់ នោះឡើយ។

ក្រោយពេល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិ (Joe Biden) បានចុះហត្ថលេខាលើច្បាប់លើកកម្ពស់វិស័យការពារជាតិ (NDAA) សម្រាប់ឆ្នាំសារពើពន្ធ ២០២២រួចមក គេរំពឹងថា តៃវ៉ាន់អាចត្រូវបានអញ្ជើញ ដោយសារឯកសារនេះ រួមបញ្ចូលទាំងការអំពាវនាវ ពីសភាទាំងពីរ សម្រាប់ការចូលរួមរបស់ខ្លួន នៅក្នុងប្រតិកម្ម ប្រឆាំងនឹងអាកប្បកិរិយាឈ្លានពាន កាន់តែកើនឡើង ពីសំណាក់ប្រទេសចិន។

សារព័ត៌មាន Newtalk បានរាយការណ៍ថា ទោះជាយ៉ាងណាក៏ដោយ តៃវ៉ាន់ មិនស្ថិតក្នុងបញ្ជី នៃប្រទេសទាំង២៦ ត្រូវគេរំពឹងថា នឹងចូលរួម នៅក្នុងការធ្វើសមយុទ្ធ នៅសមុទ្រប៉ាស៊ីហ្វិកចាប់ពីថ្ងៃទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី៤ ខែសីហា នៅក្នុងកោះហូណូលូលូ (Honolulu) រដ្ឋហាវៃ និង ទីក្រុងសាន់ឌៀរហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

អង្គភាពទ័ពជើងទឹក មកពីប្រទេសនៃកិច្ចសន្ទនាសន្តិសុខចតុភាគី ឬ ប្រទេសជាសមាជិកខ្វាដ (Quad) រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និង ជប៉ុន នឹងមានវត្តមាន ក៏ដូចជា គណៈប្រតិភូ មកពីប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ។ មន្រ្តីយោធាចូលរួម សរុប ២៥ ០០០នាក់, យន្តហោះចម្បាំង ១៧០គ្រឿង, នាវាមុជទឹកចំនួន៤គ្រឿង និង នាវាចំនួន៣៨ផ្សេងទៀត នឹងចូលរួម នៅក្នុងសមយុទ្ធយោធាដ៏ធំនេះ។

បើតាមសេចក្ដីរាយការណ៍ បានបញ្ជាក់ថា សកម្មភាព នៅក្នុងសមយុទ្ធយោធានេះ រួមមាន សង្គ្រាមលើទឹក និងគោក បោសសម្អាតមីន ចម្បាំងប្រឆាំងនឹងនាវាមុជទឹក និង ការគ្រប់គ្រងការបំផ្ទុះ៕