អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladymyr Putin)​ បានបង្ខំចិត្តចូលមន្ទីរពេទ្យ និង ផ្ទេរអំណាចយោធាទៅឲ្យអតីតប្រធានកាហ្ស៊ីបេរបស់លោកមួយរយៈ ដើម្បីទៅទទួលការវះកាត់ជំងឺមហារីកចំនួន ២កន្លែង លើរាងកាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post

លោក ពូទីន នឹងផ្ទេរការគ្រប់គ្រងរបស់រដ្ឋាភិបាលរុស្ស៊ីទៅឲ្យលោក នីកូឡាយ ប៉ាស្រ្តូរ៉ូឆ៉ីវ (Nikolai Patrushev) ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប៉ូលីសសហព័ន្ធរុស្ស៊ីដ៏រឹងរូស ដែលធ្លាប់ជាប្រធានកាហ្ស៊ីបេ និង ជាមិត្តជិតស្និតនឹងលោក ពូទីន កាលពីជំនាន់សហភាពសូវៀត។

ការផ្ទេរអំណាចនេះកើតឡើងភ្លាមៗស្របពេលដែលប្រធានាធិបតីវ័យ ៦៩ឆ្នាំ រូបនេះ អសមត្ថភាពក្នុងអំឡុងពេលគ្រប់គ្រងប្រទេស ហើយសុខភាពបេះដូងរបស់លោកពូទីនឈានចូលស្ថានភាពទ្រុឌទ្រោម សូម្បីតែសរសៃប្រសាទក៏បាត់បង់នូវការចងចាំផងដែរ។

ប្រធានាធិបតីរូបនេះត្រូវបានវេជ្ជបណ្ឌិតប្រចាំខ្លួនស្នើឲ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ដោយត្រូវបង្ខំចិត្តផ្អាកការត្រួតពិនិត្យ និង ឃ្លាំមើលសង្រ្គាមដែលកំពុងតែក្ដៅគគុកក្នុងទឹកដីអ៊ុយក្រែន។

យោងតាមរបាយការណ៍ផ្លូវការមួយបានឲ្យដឹងថា លោក ពូទីន ពិតជាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី ០២ ខែ ឧសភា ពិតប្រាកដមែន ដោយលោកត្រូវត្រៀមវះកាត់ជំងឺមហារីក ពិនិត្យបេះដូង រួមទាំងព្យាបាលជំងឺសរសៃប្រសាទផងដែរ​ ព្រោះតែអាការៈញ័រដៃ ញ័រជើង ញ័រក្បាល និង ក្ដាប់តុ របស់លោក ត្រូវបានគេថតបានដោយចៃដន្យអំឡុងពេលដែលលោកកំពុងតែប្រជុំកាលពីពេលថ្មីៗនេះ។​

ប្រភពជិតស្និតដែលមិនបញ្ចេញឈ្មោះបានបង្ហើបថា លោកពូទីនទំនងជាមិនយល់ព្រមប្រគល់អំណាចរយៈពេល​វែងនោះទេ ដោយបញ្ជាក់ថា អំណាចនៃការគ្រប់គ្រងប្រទេសទំនងជាស្ថិតក្នុងដៃរបស់លោក នីកូឡាយ ប៉ាស្រ្តូរ៉ូឆ៉ីវ (Nikolai Patrushev) មិនលើសពី ២ ទៅ​ ៣ ថ្ងៃនោះទេ។

គេបង្ហើបទៀតថា ការផ្ទេរអំណាចនេះជាជម្រើសដ៏អាក្រក់បំផុតព្រោះលោក ប៉ាស្រ្តូរ៉ូឆ៉ីវ (Patrushev) គឺជាមនុស្សដ៏អាក្រក់បំផុត ដែលមានចារឹកកាចសាហាវមិនចាញ់លោក ពូទីន ឡើយ។ ជាងនេះទៅទៀត លោក ប៉ាស្រ្តូរ៉ូឆ៉ីវ (Patrushev) គឺជាមនុស្សដែលមានល្បិចកលជាងលោកពូទីន ហើយប្រសិនបើអតីតប្រធានកាហ្ស៊ីបេរបស់លោក ពូទីន ឡើងកាន់អំណាច នោះបញ្ហាសង្រ្គាមរុស្ស៊ីក្នុងទឹកដីអ៊ុយក្រែន នឹងកាន់តែឡើងកម្ដៅជាងពេលនេះទៅទៀត​ ៕