ប្រទេសថៃ៖ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្នុងប្រទេសថៃ បានព្រមានពីជំងឺគ្រុនចាញ់ប្រភេទ knowlesi (Plasmodium knowlesi) ដែលអាចចម្លងពីសត្វស្វាទៅមនុស្សយ៉ាងងាយស្រួលតាមរយៈសត្វមូស ហើយពេលនេះកំពុងតែមានអ្នកឆ្លងរហូតទៅដល់ ៧០ នាក់រួចទៅហើយ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។

ទាក់ទងជាមួយនឹងបញ្ហានៃការឆ្លងជាមួយនឹងជំងឺក្រុនចាញ់នេះដែល លោកវេជ្ជបណ្ឌិត Apichart Wachiraphan អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថាជំងឺគ្រុនចាញ់ knowlesi  ជាជំងឺ គ្រុនចាញ់ដែលចម្លងពីសត្វស្វាទៅមនុស្ស ដោយប្រភេទមូស Anopheles ខាំសត្វស្វាដែលមានមេរោគ បន្ទាប់មកក៏មកខាំមនុស្សបន្តទៀត។ បន្ទាប់ពីនោះមកមនុស្សដែលត្រូវបានមូសខាំហើយនឹងត្រូវឆ្លងនូវជំងឺគ្រុនចាញ់ប្រភេទ knowlesi នេះ ហើយមនុស្សទាំងអស់នោះនឹងមានអាការៈ គ្រុនក្ដៅខ្លាំង និងញាក់ខ្លាំង ហើយប្រសិនបើទៅសង្គ្រោះមិនទាន់ពេលវេលានឹងអាចមានគ្រោះថា្នក់ដល់អាយុជីវិតជាក់ជាមិនខាន។ ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិត Apichart Wachiraphan ក៏បានបន្ថែមថានៅពេលនេះនៅក្នុងប្រទេសថៃកំពុងតែមានអ្នកឆ្លងនូវជំងឺគ្រុនចាញ់ប្រភេទនេះ ចំនួន៧០ករណីមកហើយ ដោយអ្នកដែលបានឆ្លងនូ​វជំងឺនេះភាគច្រើនមកពីខេត្តមួយចំនួន​នេះ ដូចជាខេត្ត Ranong ខេត្ត Songkhla និងខេត្ត Trat ដែលសុទ្ធតែជាខេត្តមានសត្វស្វារស់នៅច្រើន។ គួរបញ្ជាក់ផងដែរថាជំងឺគ្រុនចាញ់មួយប្រភេទនេះបានកើតឡើងដំបូងក្នុងប្រទេសថៃតាំងពីឆ្នាំ ២០០៤ មកម្លេះ ដោយក្នុងមួយឆ្នាំៗមានអ្នកឆ្លងត្រឹមតែ១០ករណីប៉ុណ្ណោះ ប៉ុន្តែនៅក្នុងឆ្នាំ២០២២នេះជំងឺគ្រុនចាញ់ប្រភេទ knowlesi មួយនេះក៏បានស្ទុះកើនឡើងរហូតដល់៧០ករណី រហូតបានធ្វើឱ្យនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានប្រកាសអាសន្ន និងព្រមានពីជំងឺគ្រុនចាញ់ដែលបានឆ្លងពីសត្វស្វានេះ។

យ៉ាងណាមិញក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញពីការឆ្នងនូវជំងឺគ្រុនចាញ់ knowlesi នេះពីមនុស្សទៅកាន់មនុស្សនៅឡើយទេ ដូច្នេះអគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានធ្វើការផ្សព្វផ្សាយនូវចំណេះដឹងការពារមួយចំនួន ព្រមទាំងបានអំពាវនាវដល់អ្នកដែលបានរស់នៅក្នុងតំបន់ខាងលើ និងអ្នកដែលបានរស់នៅក្បែរបណ្ដុំសត្វស្វារស់នៅដែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានអាការៈ ក្ដៅខ្លួន ឬក៏គ្រុនញាក់ ត្រូវប្រញាប់ទៅមន្ទីរពេទ្យធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់៕ ប្រភព៖ Thairath