រដ្ឋធានីហ្សេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានខឹងយ៉ាងខ្លាំង ប្រឆាំងនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី ដោយបានលើកឡើងថា ហ៊ីត្លែរ មានជាប់សាច់ឈាម ជាជនជាតិជ្វីហ្វ ហើយទាមទារឲ្យប្រមុខការទូតរូបនេះ សុំទោសជាសាធារណៈ ចំពេលទំនាក់ទំនង រវាង អ៊ីស្រាអែល និង រុស្ស៊ីបានចាប់ផ្តើមធ្លាក់ចុះខ្លាំង ខណៈអ៊ីស្រាអែល ព្យាយាមរក្សាជំហរអព្យាក្រឹត នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន VOA ជាភាសាអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ ថា អ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានរិះគន់យ៉ាងខ្លាំងដល់រុស្ស៊ី ជុំវិញការអត្ថាធិប្បាយ ដែលមិនអាចអត់ឱនបានរបស់រដ្ឋមន្ត្រីក្រសួងការបរទេស នៃក្រុងមូស្គូ ជុំវិញការលើកឡើង អំពីលទ្ធិណាស៊ីនិយម និង ការរើសអើងប្រឆាំងនឹងជនជាតិជ្វីហ្វ រួមទាំង ការអះអាងថា អាដូល ហ៊ីត្លែរ (Adolf Hitler) ជាជនជាតិជ្វីហ្វ។ ក្រៅពីការរិះគន់នោះ អ៊ីស្រាអែល បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី មកឆ្លើយតប ជុំវិញការលើកឡើងបែបនេះ ដោយបានស្តីបន្ទោស មកលើជនជាតិជ្វីហ្វ ចំពោះការសម្លាប់ខ្លួនឯង នៅក្នុងពិធីបុណ្យ Holocaust ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានពណ៌នារដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) ជាអ្នកស្គាល់លទ្ធិហ៊ីត្លែរ យ៉ាងច្បាស់លាស់បំផុត។ ការវាយប្រហារ ដោយសង្គ្រាមពាក្យសម្ដីរបស់មេដឹកនាំអ៊ុយក្រែន បានកើតឡើង បន្ទាប់ពីមានការអត្ថាធិប្បាយ អំពីមេដឹកនាំណាស៊ី លោក Adolf Hitler មាន«ដើមកំណើតជាជនជាតិជ្វីហ្វ»។ ជាមួយគ្នានេះដែរ លោកប្រធានាធិបតី ក៏បានចោទសួរថា តើទំនាក់ទំនងរបស់អ៊ីស្រាអែល និងរុស្ស៊ីនឹងនៅដូចធម្មតាដែរឬទេ?