រដ្ឋធានីប៊ែរឡាំង៖ ស្របពេល សហភាពអឺរ៉ុប កំពុងតែជំរុញឲ្យមានការដាក់ទណ្ឌកម្មជុំទី៦ ប្រឆាំងនឹងក្រុងមូស្គូ នោះ ប្រទេសអាល្លឺម៉ង់ ក៏ជំរុញឲ្យប្លុកសេរីមួយនេះ ហ៊ុមព័ទ្ធនូវការនាំចេញប្រេង ពីប្រទេសរុស្ស៊ី។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ថា លោក ចូសែប ប័ររ៉ែល (Josep Borrell) ប្រធានគោលនយោបាយកិច្ចការបរទេស និង សន្ដិសុខរបស់សហភាពអឺរ៉ុប បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងប៉ាណាម៉ា ថា ប្លុកសេរីនេះ សង្ឃឹមថា នឹងអនុម័តទណ្ឌកម្មជុំទី៦ ប្រឆាំងនឹងប្រទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាកិច្ចការបរទេស នៃសហភាពអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig3aUWyjb0iNwMR5G12nvFhtF2Nmy_CTM46-KgjLE6ECpGdcWvF4Xi6aKwv9qkyP1EMdKPdnCs0_K8ktDidxVqtHHeL62tRzuBKvU0ya-MNQlid8XuPEFtR8XwRbW5rpjFQugDVGd1bUpu9x3oYZNNm7DRuJHdgdxpLCtfwUwvdarhh30royaeMK9p/s1280/photo_2022-05-03_14-12-35.jpg

លោក ចូសែប ប័ររ៉ែល (Josep Borrell) ក៏បានបញ្ជាក់ថា លោកសង្ឃឹមថា សហភាពអឺរ៉ុប អាចនឹងចាត់វិធានការយ៉ាងម៉ឺងមាត់ ដល់ការដាក់កំហិតនូវការនាំចូលទាំងនេះ។ ប៉ុន្ដែទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានការព្រមព្រៀង ពីសមាជិកទាំងអស់នៅឡើយ។

ជាមួយគ្នានេះដែរ លោក គ្រីស្ទៀន លីនណឺរ (Christian Lindner) រដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ បានបញ្ជាក់ថា ក្រុងប៊ែរឡាំង បានសង្កត់ពីឆន្ទៈ គាំទ្រដល់ការហាមឃាត់នូវការនាំចូលប្រេង ពីប្រទេសរុស្ស៊ី។ អាល្លឺម៉ង់ នឹងអនុវត្ដ តាមបម្រាមរបស់សហភាពអឺរ៉ុប លើការនាំចូលប្រេង ពីប្រទេសរុស្ស៊ី បើទោះជាមានការកើនឡើង នៃតម្លៃប្រេង យ៉ាងណាក្ដី៕