ប្រទេសថៃ៖ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ និងគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងបន្ទាប់ពីមានប៉ូលិសរូបសង្ហាម្នាក់បានក្រាបខ្លួនទៅលើថ្នល់ដើម្បីត្រកងក្បាលជនរងគ្រោះស្រីម្នាក់ដែលបាន​សន្លប់ស្ដូកស្ដឹងដោយសារតែជួបនូវគ្រោះថ្នាក់ចរារចរណ៍នៅលើដងផ្លូវ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook។

រឿងរ៉ាវខាងលើនេះបានកើតឡើងនៅលើផ្លូវក្នុងខេត្ត Samut Prakan នៃប្រទេសថៃ ដោយគេបានសង្កេតឃើញប៉ូលិសរូបសង្ហាម្នាក់បានក្រាបទៅលើថ្នល់ហើយក៏បានធ្វើការជួយសង្គ្រោះជាបឋមដោយប្រើវិធី Neutral Position តាមគោលការណ៍របស់ PHTLS ដោយយកដៃទាំងពីរត្រកងក្បាលរបស់នារីរងគ្រោះដែលកំពុងតែសន្លប់ស្ដូកស្ដឹង បន្ទាប់ពីនាងបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅនឹងកន្លែងកើតហេតុនោះ​ ដោយរង់ចាំឡានពេទ្យមកទទួលទៅសង្រោះបន្ទាន់ជាបន្តទៀត។ ក្នុងនោះអ្វីដែលធ្វើឱ្យមហាជនកោតសរសើរទៅលើប៉ូលិសរូបនោះ ព្រោះតែសេចក្ដីល្អចង់ជួយអ្នកដទៃ ដោយមិនខ្វល់ពីការនឿយហត់ បើទោះបីជាពេលនោះជួបនូវស្ថានភាពអាកាសធាតុក្តៅខ្លាំង លើផ្លូវកខ្វក់ និងមានម៉ូតូឡានធ្វើដំណើរទៅមក ព្រមទាំងមានភាពលំបាកមួយចំនួននៅពេលនោះក៏ពិតមែន តែប៉ូលិសរូបនេះនៅតែតស៊ូមិនរាថយរហូតទាល់តែរថយន្តសង្គ្រោះបន្ទាន់មកដល់។

យ៉ាងណាមិញបន្ទាប់ពីមហាជនបានឃើញនូវទឹកចិត្តដ៏ល្អរបស់ប៉ូលិសរូបនេះហើយ ពួកគេបានចាប់ទុកថាគាត់គឺជាប៉ូលិសគំរូម្នាក់ក្នុងសង្គម​ដែលពលរដ្ឋគ្រប់រូប ជាពិសេសក្រុមប៉ូលិសក្នុងសង្គមគួរតែយកគំរូតាមនូវអំពើល្អមួយនេះ ៕ ប្រភព៖ Sanook