ប្រទេសប៉េរូ៖ មានហេតុការណ៍ដ៏គួរឱ្យរន្ធត់ចិត្ត និងភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានគ្រួសារមួយបានធ្វើបុណ្យសពឱ្យម្ដាយសុខៗស្រាប់តែបានឮសម្លេងគោះមឈូសរបស់ស្ត្រីដែលជាសពឡើងមក ព្រមទាំងស្រែកឱ្យគេជួយយ៉ាងខ្លាំង ព្រោះតែខ្លួនមិនទាន់បានស្លាប់នៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook។

ទាក់ទងនឹងហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍នេះផងដែរបានកើតឡើងក្នុងប្រទេស ប៉េរូ ដោយរឿងរ៉ាវមួយនេះបានធ្វើឱ្យមហាជនគ្រប់គ្នាមានការតក់ស្លុតជាខ្លាំងជាមួយនឹងការប្រារព្ធពិធីបុណ្យសពក្នុងគ្រួសារមួយ ដែលស្ត្រីជាសពមានឈ្មោះថា Rosa គាត់ត្រូវបានគ្រួសារ សាច់ញាតិ ក៏ដូចជាកូនៗបានរៀបចំពិធីបុណ្យឱ្យ បន្ទាប់ពីគាត់បានជួបនូវ​គ្រោះថ្នាក់ធ្ងន់ធ្ងរមួយ ដោយក្នុងនោះគេមិនបានបញ្ជាក់ពីបញ្ហាគ្រោះថ្នាក់នោះឱ្យបានដឹងនោះទេ។ ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ជាពិសេសភ្ញៀវដែលបានមកចូលរួមក្នុងពិធិបុណ្យសពមានការតក់ស្លុតជាខ្លាំងនោះគឺ ពួកគេបានឮសម្លែងចេញពីក្នុងមឈូសស្រែកខ្លាំងៗឱ្យជួយ ថាគេមិនទាន់បានស្លាប់នោះទេ ​ទន្ទឹមនឹងនោះគ្រាន់តែកូនៗបានឮសម្រែករបស់ម្តាយក្នុងមឈូសស្រែកឱ្យជួយបែបនេះពួកគេតក់ស្លុតជាខ្លាំង ​ហើយក៏ប្រញាប់គាស់គម្របមឈូសឡើងមក ស្រាប់តែបានឃើញ Rosa គាត់បើកភ្នែកធំៗ និងបែកញើសពេញខ្លួន ប៉ុន្តែមានសភាពអស់កម្លាំងជាខ្លាំង ក្រោយមកក្រុមគ្រួសារក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យភ្លាមៗ ទាំងខ្លួនរបស់គាត់នៅក្នុងមឈូសនៅឡើយ តែអកុសល Rosa គាត់ក៏បានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ។

ទាក់ទងនិងករណីខាងលើនេះប៉ូលិសកំពុងតែស៊ើបអង្កេតបន្ថែម ព្រមទាំងបានចោទជាសំណួរយ៉ាងក្ដៅគគុកទៅកាន់មន្ទីរពេទ្យដែលបានអះអាងថា Rosa បានស្លាប់កាលពីដំបូងឡើយ ថាតើការត្រួតពិនិត្យមានលក្ខណៈបែបណាទើបបានជាមានរឿងរ៉ាវស្លាប់ហើយរស់មកវិញនេះកើតឡើង៕ ប្រភព៖ Sanook