រដ្ឋធានីមូស្គូ៖ ចាប់តាំងពីការផ្ទុះសង្គ្រាមឡើង នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក រុស្ស៊ី បាននាំចេញឥន្ធនៈហ្វូសស៊ីល (Fossil Fuels) មានតម្លៃ ជិត៨០ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈប្រទេសអាល្លឺម៉ង់ នៅតែជាអ្នកទិញច្រើនជាងគេបំផុត នៅក្នុងប្លុកអឺរ៉ុប។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ថា មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និង អាកាសធាតុស្អាត បានចេញរបាយការណ៍របស់ខ្លួនថា រុស្ស៊ី បាននាំចេញឥន្ធនៈហ្វូសស៊ីល (Fossil Fuels) មានតម្លៃ៦៣ពាន់លានផោន (លុយអង់គ្លេស) ឬស្មើនឹង៧៩,១៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។ បើទោះជា សហភាពអឺរ៉ុប បានប្រកាស អំពីវិធានការដាក់ទណ្ឌកម្ម ជាច្រើនលើកច្រើនសា ប្រឆាំងនឹងវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន យ៉ាងណាក៏ដោយ ក៏របាយការណ៍ដដែលនេះ បានអះអាងថា ក្រុងមូស្គូ បាននាំចេញប្រេង ទៅកាន់បណ្តាប្រទេសអឺរ៉ុប យ៉ាងច្រើន។

បើតាមរបាយការណ៍ ចេញដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និង អាកាសធាតុបរិសុទ្ធ បានឲ្យដឹងថា រុស្ស៊ីបាននាំចេញថាមពល មានតម្លៃ៦៣ពាន់លានផោន ដោយបង្កើតបានប្រាក់ចំណូល ៧១ភាគរយ ពីបណ្ដាប្រទេសអឺរ៉ុប ចាប់តាំងពីប្លុកមួយនេះ ដោយបានប្រកាស អំពីការកាត់បន្ថយនូវការពឹងផ្អែក ទៅលើថាមពលរបស់រុស្ស៊ី។ នៅក្នុងចំណោម សហភាពអឺរ៉ុបនោះ អាល្លឺម៉ង់ ក្លាយជាប្រទេសអ្នកទិញឧស្ម័នធម្មជាតិរបស់រុស្ស៊ី ច្រើនជាងគេបំផុត។

ជាការកត់សម្គាល់នោះ ប្រទេសមួយចំនួន នៅក្នុងប្លុកអឺរ៉ុបនេះ បានដាក់ទណ្ឌកម្ម ប្រឆាំនឹងរុស្ស៊ី ជុំវិញការបង្កើននូវការធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ហើយមានគោលបំណងកាត់បន្ថយនូវការពឹងផ្អែករបស់ខ្លួន ទៅលើប្រេង និង ឧស្ម័នរបស់រុស្ស៊ី តែហាក់ដូចជា នៅតែមានបញ្ហានៅឡើយ។ បណ្តាប្រទេសអឺរ៉ុប ដំបូង បានងាកទៅកាន់បណ្ដាប្រទេសឈូងសមុទ្រ សម្រាប់បំពេញតម្រូវការប្រេង និង ឧស្ម័នរបស់ខ្លួន។ ប៉ុន្តែក្រោយការបរាជ័យ នៅក្នុងការធានាលើកិច្ចព្រមព្រៀង ជាមួយបណ្ដាប្រទេសឈូងសមុទ្រនោះមក ទើបអឺរ៉ុប បានងាកទៅរកមជ្ឈិមបូព៌ា និង តំបន់សមុទ្រមេឌីទែររ៉ាណេ វិញ។

គួរបញ្ជាក់ថា អឺរ៉ុប តែងតែពឹងផ្អែក លើតម្រូវការឧស្ម័នធម្មជាតិរបស់រុស្ស៊ី ចំនួន៤០ភាគរយ។ ប៉ុន្ដែបច្ចុប្បន្ន មេដឹកនាំអឺរ៉ុប បានប្ដេជ្ញាចិត្ត នៅក្នុងការកាត់បន្ថយនូវការពឹងផ្អែក ទៅលើប្រទេសរុស្ស៊ី ចំនួន២ភាគ៣។

មេដឹកនាំអឺរ៉ុប កាលពីដើមខែមុន បានទៅជួបសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ហៅកាត់ GCC ដែលសម្បូរ ដោយឧស្ម័ន និងប្រេង ដើម្បីបញ្ចៀសនូវវិបត្តិថាមពលណាមួយ បន្ទាប់ពីការកំណត់ ចំពោះការពឹងផ្អែករបស់ខ្លួន លើធនធានថាមពលរបស់រុស្ស៊ី។ ជាមួយគ្នានេះដែរ មេដឹកនាំអឺរ៉ុប បានស្នើឱ្យ GCC បង្កើននូវការផលិតអ៊ីដ្រូកាបូនបន្ថែមទៀត។

ទោះជាយ៉ាងណា សមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានបដិសេធនូវការផ្តល់តាមតម្រូវការនេះ ដោយអះអាងថា វាមានឧបសគ្គច្រើន នៅក្នុងផលិតកម្ម ហើយការពិតត្រង់ថា ផលិតកម្ម នាពេលអនាគតរបស់ពួកគេ ភាគច្រើនត្រូវបានជាប់គាំង នៅក្នុងកិច្ចសន្យា រយៈពេលវែង ជាមួយបណ្ដាប្រទេស នៅអាស៊ី។ នៅក្នុងខែមីនា ឆ្នាំនេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អាល្លឺម៉ង់ បានទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និង អារ៉ាប់រួម ដើម្បីជំរុញឲ្យបង្កើននូវការផលិតអ៊ីដ្រូកាបូន ប៉ុន្តែវាហាក់ដូចជា ការទាមទាររបស់បណ្ដាប្រទេសលោកខាងលិចទាំងនេះ ត្រូវបានច្រានចោល។

ក្រៅពីនេះ លោក រ៉ូប៊ឺត ហាបែក (Robert Habeck) រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ ក្នុងដំណើរទស្សនកិច្ច នៅក្នុងទីក្រុងដូហា (Doha) ប្រទេសកាតារ បានអះអាងថា កាតារបានប្តេជ្ញា ជួយក្រុងប៊ែរឡាំង នៅក្នុងការធានាដល់តម្រូវការថាមពល។ លោក រដ្ឋមន្រ្ដី បានបន្ថែមថា «នៅឆ្នាំនេះ យើងប្រហែលជានៅតែត្រូវការឧស្ម័ន ពីប្រទេសរុស្ស៊ី ប៉ុន្តែមិនមែន នៅពេលអនាគតនោះទេ»។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី បានទទួលស្គាល់ថា រដ្ឋាភិបាលអាល្លឺម៉ង់ មុន បានធ្វើខុសដោយសារតែការពឹងផ្អែក ទៅលើការផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសរុស្ស៊ី ទើបបង្កឲ្យមានបញ្ហាបែបនេះ៕