ប្រទេសឥណ្ឌា៖ មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងបន្ទាប់ពីគ្រួសារកូនក្រមុំបានជ្រើសរើសភ្ញៀវឱ្យរៀបការជាមួយកូនស្រីរបស់ខ្លួនជំនួសកូនកំលោះព្រោះតែបុរសដែលជាកូនកំលោះផឹកស្រាច្រើន ដេកជ្រុសខកម៉ោងចូលរួមក្នុងពិធីរៀបការរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលនេះផងដែរបានកើតឡើងនៅក្នុងរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា ​ដោយមានគូស្នេហ៍មួយគូបានរៀបចំពិធីមង្គលការយ៉ាងអធឹកអធម ដោយមានការចូលរួមពីសំណាក់សាច់ញាតិ និងមិត្តភ័ក្តិទាំងសងខាង។ តែនៅក្នុងយប់ថ្ងៃនៃពិធីចាប់ផ្ដើមមកដល់ កូនកំលោះក៏បានជួបជុំមិត្តភ័ក្តិផឹកស៊ីសប្បាយ រហូតភ្លេចខ្លួនថាត្រូវចូលរោងការថ្ងៃស្អែក ទើបគេដាក់ជ្រុល​តែម្ដង ហើយក៏បានគេងលង់លក់ខកម៉ោងទៅចូលរួមក្នុងពិធីរៀបការខ្លួនរហូតទៅដល់៤ម៉ោង។ លុះភ្លឺឡើងកូនក្រមុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការរង់ចាំកូនកំលោះរៀបការ តែបែរជាបាត់កូនកំលោះយូរមិនឃើញមកចូលពិធីអាពាហ៍ពិពាហ៍ ស្រាប់តែគ្រួសារកូនក្រមុំខឹងជាខ្លាំងក៏បានយកបុរសដែលជាប់សាច់ញាតិ ហើយក៏ត្រូវជាភ្ញៀវដែលបានអញ្ជើញឱ្យមកចូលរួមក្នុងពិធីរៀបការមួយនេះធ្វើជាកូនកំលោះជំនួសវិញ ក្រោយមកទើបកូនកំលោះពិតប្រាកដបានមកដល់ ប៉ុន្តែវាហួសពេលទៅហើយដោយសារតែឪពុកម្ដាយខាងកូនក្រមុំបានបដិសេធមិនអនុញ្ញាតឱ្យបុរសរូបនោះរៀបការជាមួយកូនស្រីរបស់ខ្លួននោះទេ ក៏ព្រោះតែកូនកំលោះម្នាក់នោះមិនគោរពពេលវេលា ជាពិសេសក្នុងថ្ងៃសំខាន់របស់ខ្លួនទៀត ដែលបានធ្វើឱ្យឪពុកម្ដាយខាងស្រីទទួលរងការមើលងាយ និងខ្មាស់គេជាខ្លាំង ទើបគាត់សម្រេចចិត្តជ្រើសកូនកំលោះថ្មីជំនួសវិញ។

ទោះជាយ៉ាងណាក្នុងពិធីនេះក៏បានប្រព្រឹត្តិទៅដោយរលូន ហើយកូនកំលោះក៏បានត្រឹមតែសោកស្តាយ បើទោះបីជាខ្លួនខំព្យាយាមបកស្រាយរកហេតុផលបែបណាក៏ដោយ ក៏គ្រួសារខាងកូនក្រមុំនៅតែបដិសេធដដែល៕ ប្រភព៖ Kapook