ហ្វីលីពីន៖ ស្ពានចំណាស់មួយដែលរងការខូចខាតដោយគ្រោះរញ្ជួយដីបានជួបករណីបាក់ក្រោមការចរាចរណ៍ដ៏ធ្ងន់នៅក្នុងទីប្រជុំជនហ្វីលីពីនមួយ បណ្ដាលឲ្យរថយន្តប្រហែលរាប់សិបគ្រឿងធ្លាក់ចូលទៅក្នុងទន្លេខាងក្រោម និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៤នាក់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Washingtonpost

ប៉ូលិស និងមន្ត្រីខេត្តបាននិយាយថា អ្នកទេសចរជនជាតិអូទ្រីសម្នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់ ហើយយ៉ាងហោចណាស់មនុស្ស២៣នាក់ផ្សេងទៀត រួមទាំងប្រពន្ធរបស់គាត់បានរងរបួសនៅក្នុងការបាក់ស្ពានដែលហេតុការណ៌នេះបានបង្ករឡើងកាលពីរសៀលថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅទីក្រុងឆ្នេរសមុទ្រ Loay ក្នុងខេត្ត Bohol ប្រទេសហ្វីលីពីន។

ឧត្តមសេនីយ Roque Eduardo Vega បានរៀបរាប់ឲ្យដឹងថា ក្នុងការស៊ើបអង្កេតបឋមបង្ហាញថា ករណីស្ពានបាក់នេះគឺបណ្ដាលមកពីផ្ទុកទម្ងន់លើសនៃរថយន្តដែលជាប់គាំងក្នុងការស្ទះចរាចរណ៍នៅលើស្ពាន រួមទាំងរថយន្តដឹកទំនិញដែលផ្ទុកដោយខ្សាច់ និងក្រួសដែលត្រូវប្រើប្រាស់ក្នុងការសាងសង់ស្ពាននៅក្បែរនោះ ទើបធ្វើឲ្យស្ពានមិនទ្រាំទ្រនៃទម្ងន់ដ៏ធ្ងន់នេះបានហើយបណ្ដាលឲ្យបាក់រលំតែម្ដងទៅ។

ជាមួយគ្នានេះដែរប៉ូលិសបាននិយាយថា ស្ពានខាងលើបានរងការខូចខាតដោយការរញ្ជួយដីកាលពីឆ្នាំ២០១៣ ដែលបានបំផ្លិចបំផ្លាញទីក្រុង Bohol ប៉ុន្តែអាជ្ញាធរបានអនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្ន ខណៈដែលស្ពានមួយទៀតកំពុងត្រូវបានសាងសង់។

ក្នុងចំណោមរថយន្តប្រហែលរាប់សិបគ្រឿងដែលបានធ្លាក់ចូលទៅក្នុងទន្លេនោះ រថយន្តមួយគ្រឿង និងម៉ូតូពីរគ្រឿង ត្រូវបានឆ្មាំឆ្នេរសមុទ្រ អ្នកពន្លត់អគ្គីភ័យ និងអ្នកមុជទឹកស្ម័គ្រចិត្តមកយកមកវិញ ៕