ប្រទេសចិន៖ ករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានអគារកម្ពស់៦ជាន់បានបាក់រលំបណ្ដាលឱ្យមនុស្សជាច្រើននាក់ជាប់នៅក្រោមគំនរបាក់បែក ហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែពន្លឿនក្នុងការស្វែងរកអ្នករស់រានមានជីវិត។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន ​Thairath នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។

ទាក់ទងនឹងករណីបាក់អគារកម្ពស់៦ជាន់នេះផងដែល បានកើតឡើងនៅក្នុងទីក្រុង Changsha ភាគ កណ្តាលនៃប្រទេសចិន ដោយអគារមួយនេះគ្របដណ្តប់លើផ្ទៃដីប្រហែល ៧០០ម៉ែត្រការ៉េ ហើយអគារនេះ ជាផ្ទះនៃអាជីវកម្មមួយចំនួន  រួមទាំងភោជនីយដ្ឋាន ផ្ទះសំណាក់ និងរោងកុននៅក្នុងនោះផងដែរ។ ស្រាប់តែនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ អគារមួយនេះក៏បានដួលរលំ ព្រមទាំងបានបណ្ដាលឱ្យមនុស្សជាប់នៅក្រោមគំនរបាក់បែកជាច្រើននាក់ ក្នុងនោះគេក៏មិនទាន់ដឹងច្បាស់ថាមានអ្នកបាត់បង់ជីវិតនោះទេ ហើយពេលនេះប្រតិបត្តិការជួយសង្គ្រោះកំពុងពន្លឿនដំណើរការស្វែងរកជនរងគ្រោះជាបន្ទាន់ ។ ទន្ទឹមនឹងនោះ គេនៅមិនទាន់ដឹងថាមូលហេតុអ្វីបានជាបណ្តាលឲ្យអគារនេះបាក់ រលំនោះដែរ ដោយអាជ្ញាធរកំពុងតែស៊ើបអង្កេតបន្ត ប៉ុន្តែពួកគេបានសន្និដ្ឋានថាអាចមកពីការសាងសង់មិនមានស្តង់ដារសុវត្ថិភាពតាមច្បាប់ដែលបានកំណត់។

ទោះជាយ៉ាងណាអាជ្ញាធរក្នុងទីក្រុង Changsha នេះក៏បានអំពាវនាវឱ្យប្រជាជនរស់នៅក្នុងអគារនីមួយៗគួរតែមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសម្ចាស់ក្រុមហ៊ុនម៉ៅការសំណង់គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាមួយនេះដែលអាចបង្កជាគ្រោះថ្នាក់នៅថ្ងៃអនាគតសម្រាប់អ្នកដែលបានរស់នៅក្នុងអគារដែលពួកគេសាងសង់គ្មានស្តង់ដាច្បាស់លាស់៕ ប្រភព៖ Thairath