អន្តរជាតិ៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​កុម្ភៈ​ថា ប្រទេស​ណា​ដែល​គាំទ្រ​ការវាយលុក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ននឹងត្រូវ​”​ប្រឡាក់​​ប្រឡូក​ក្នុង​ការឈ្លានពាន​នេះដែរ​” បន្ទាប់​ពី​ប្រទេស​ចិន​បាន​ច្រាន​ចោល​ការហៅ​ទង្វើ​របស់​ទីក្រុង​មូ​ស្គូថា​ជា​ការឈ្លានពាន ហើយ​ជំនួស​មកវិញ​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងអស់​អនុវត្ត​ការអត់ធ្មត់​។​

កងកម្លាំង​អ៊ុយ​ក្រែន​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ជ្រុង​ទាំងបី បន្ទាប់​ពី​ទីក្រុង​មូ​ស្គូ​បាន​បើក​ការវាយប្រហា​រលើ​អ៊ុយ​ក្រែន​តាម​ផ្លូវគោក ផ្លូវ​សមុទ្រ និង​ផ្លូវអាកាស​ក្នុងការ​វាយ​​ប្រហារ​ដ៏​ធំ​បំផុត​លើ​រដ្ឋ​អឺរ៉ុប​មួយ​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ឯ​សេត​វិមាន កន្លែង​ដែល​លោក​បាន​បង្ហាញ​ពី​ការដាក់ទណ្ឌកម្ម​ថ្មី​ដ៏​តឹងតែង​លើ​រុស្ស៊ី​ដែល​សម្របសម្រួល​ជាមួយ​សម្ពន្ធមិត្ត លោកបៃ​ដិនបាន​និយាយ​ថា​សក​ម្ម​ភាព​របស់​​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​តំណាង​ឱ្យ​ពេលវេលា​ដ៏​គ្រោះថ្នាក់​សម្រាប់​សេរីភាព​នៅ​ជុំវិញ​ពិភពលោក​។​

​លោកបៃ​ដិនបាន​និយាយ​ដោយ​មិន​និយាយចំៗ​ឈ្មោះ​ចិន យ៉ាង​ដូច្នេះ​ថា “​ពូ​ទីន​នឹង​ក្លាយជា​អ្នក​គ្មាន​អ្នក​រាប់រក​នៅលើ​ឆាក​អន្តរជាតិ​។ ប្រទេស​ណា​ដែល​បង្ហាញ​គាំទ្រ​ការឈ្លានពាន​ឥត​អៀនខ្មាស់​របស់​រុស្ស៊ី​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ននឹង​ត្រូវ​ប្រឡាក់ប្រឡូ​ក​ក្នុង​ការឈ្លានពាន​នេះដែរ​”​។​

​នៅពេល​សួរ​ថា​តើ​គាត់​កំពុង​ជំរុញ​ឱ្យ​ចិន​ដាក់​រុស្ស៊ី​ឱ្យ​នៅ​ឯកោ​ឬ​យ៉ាងណា លោកបៃ​ដិ​ននិយាយថា “​ខ្ញុំ​មិន​បាន​ត្រៀម​ខ្លួន​ធ្វើ​អត្ថាធិប្បាយ​លើ​រឿងនេះ​នៅពេល​នេះ​ទេ​”​។​

​លោកបៃ​ដិនបាន​និយាយថា សកម្មភាព​របស់​លោក​ពូ​ទីន “​បង្ហាញឱ្យឃើញ​ចក្ខុវិស័យ​ដ៏​អាក្រក់​សម្រាប់​អនាគត​នៃ​ពិភពលោក​របស់​យើង​កន្លែង​ដែល​ប្រទេស​នានា​អាច​ទទួលបាន​អ្វីៗ​ដែល​ពួក​គេ​ចង់​​បាន​ដោយ​ប្រើ​កម្លាំង​”​។​

​អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​មួយ​ចំនួន​បាន​និយាយថា សកម្មភាព​របស់​រុស្ស៊ី​អាច​ជំរុញ​ទឹកចិត្ត​ឱ្យ​ចិន​វាយ​លើ​កោះ​តៃវ៉ាន់ ជា​កោះ​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ ដែល​ប៉េកាំង​និយាយថា​ជា​ផ្នែក​មួយ​របស់​ចិន ហើយ​បាន​ប្តេជ្ញា​ទាមទារ​យក​វិញ​ដោយ​ប្រើ​កម្លាំង​បើ​ចាំបាច់​។​

​រុស្ស៊ី​បាន​វាយប្រហារ​អ៊ុយ​ក្រែន​នៅបី​សប្តាហ៍​បន្ទាប់ពី​លោក​ពូទី​ន​បាន​ជួប​ជាមួយ​មេដឹកនាំ​ចិន​លោក ស៊ី ជីន​ភីង មុន​ពេល​ការមកដល់​នៃ​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​ដែល​បាន​បញ្ចប់​កាលពី​​ថ្ងៃអាទិត្យ​។ មេដឹកនាំ​ទាំងពីរ​បាន​ប្រកាស​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​គោលបំណង​ទប់ទល់​នឹង​ឥទ្ធិពល​របស់​សហរដ្ឋ​អាម៉េរិក ហើយ​បាន​និយាយថា​ពួកគេ​នឹង​មិន​មាន​ផ្នែក “​ហាមឃាត់​”​នៃ​កិច្ច​សហ​​ប្រតិបត្តិការ​នោះ​ទេ​ ៕