អោយតែអាកាសធាតុមានការប្រែប្រួល មនុស្សភាគច្រើនតែងតែមានការកណ្តាស់ ហើយការកណ្តាស់ញឹកញាប់មិនថាជាព្រឹកឬក៏ល្ងាច ជាប្រចាំថ្ងៃនោះ បញ្ជាក់ថារាងកាយរបស់អ្នកកំពុងតែលាក់បង្កប់នូវខុសប្រប្រតីណាមួយមិនខាន ។
១ – ចាញ់អាកាសធាតុ
ក្នុងករណីដែលមិនមែនជាជំងឺផ្តាសាយ គឺមិនបានកណ្តាស់ និងមានទឹកសំបោរខាប់ស្អិត រួមទាំងមិនមានអាការឈឺក្បាលឡើយ ដូច្នេះវាអាចទៅរួចថា អាការកណ្តាស់ញឹកញាប់របស់អ្នកនេះ អាចបណ្តាលមកពីសភាវរបស់រោគប្រតិកម្មចាញ់ធាតុអាកាស រឹតតែនៅលើមនុស្សដែលមានអាការកណ្តាស់ញឹកញាប់ជាប់ៗគ្នា ឬមានអាការរមាស់ក្នុងភ្នែក ហៀរទឹកភ្នែករួមជាមួយផងនោះ ក៏រឹតតែសង្ស័យថាអាចនឹងកើតរោគប្រតិកម្មចាញ់អាកាធាតុ ឬជំងឺច្រមុះបានដែរព្រោះរោគនេះជាអាការដែលកើតឡើងនៅលើសាច់ភ្នាសក្នុងច្រមុះ ដែលសាច់ភ្នាសក្នុងច្រមុះរបស់អ្នកកើតរោគនេះនឹងឆាប់រហ័សមានប្រតិកម្មជាមួយនឹងកត្តាជំរុញជាច្រើនដូចជា សភាពអាកាសធាតុ ធូលីដី លំអងទឹកភ្លៀង កេសររបស់ផ្កា មេរោគផ្សិត រោមសត្វ ឬសូម្បីតែក្លិន និងវត្ថុដែលធ្វើឱ្យរលាកក្រហាយផ្សេងៗរហូតបង្កឱ្យកើតជាអាការកណ្តាស់ហាច់ឈីសៗដែរ។
២ – រលាកសាច់ភ្នាសច្រមុះ
សភាវរលាកសាច់ភ្នាសច្រមុះក៏អាចជាមូលហេតុរបស់អាការកណ្តាស់ញឹកញាប់នេះបានដែរ ដោយសាច់ភ្នាសក្នុងច្រមុះដែលរលាកនោះច្រើនតែបណ្តាលមកពីការឆ្លងមេរោគវីរុសនៅលើប្រព័ន្ធដកដង្ហើម ឬអាចជាការឆ្លងមេរោគបាក់តេរីដែលច្រើនតែកើតនៅលើមនុស្សដែលមានប្រព័ន្ធប្រឆាំងជំងឺទាប។ ទាំងអស់នេះយើងអាចសង្កេតអាការរលាកសាច់ភ្នាសច្រមុះនេះបានតាមរយៈអាការកណ្តាស់ញឹកញាប់ មិនព្រមបាត់ អ្នកខ្លះអាចមានក្តៅខ្លួនស្ទិញៗរួមជាមួយផង មានទឹកសំបោរពណ៌ប្រផេះ លឿង ដែលបង្ហាញពីអាការឆ្លងមេរោគ ហើយអ្នកខ្លះអាចមានអាការឈឺករួមជាមួយផងដែរ។
៣ – ជំងឺឬសដូងច្រមុះ
ឫសដូងច្រមុះគឺ សភាវដែលសាច់ភ្នាសនៅក្នុងច្រមុះមានអាការរលាក និងហើម រហូតមានលក្ខណៈលយពកចេញមកដូចជាខ្នែង ដែលច្រើនតែបណ្តាលមកពីការរលាក ឬការឆ្លងមេរោគនៅលើសាច់ភ្នាសច្រមុះរ៉ាំរ៉ៃ ភាពខុសប្រក្រតីរបស់ការតបស្នងចំពោះប្រព័ន្ធប្រសាទដែលគ្រប់គ្រងការធ្វើការរបស់សរសៃឈាមក្នុងផ្នែកដែលចិញ្ចឹមសាច់ភ្នាសច្រមុះ ដែលជាហេតុធ្វើឱ្យកើតអាការហើមលើសាច់ភ្នាសច្រមុះ។ ភាពខុសប្រក្រតីទាំងនោះអាចបង្ហាញចេញមកដោយអាការតឹងណែនច្រមុះ កណ្តាស់ញឹកញាប់ មានទឹកសំបោរថ្លាៗ ឬសំបោរមានពណ៌ព្រមជាមួយក្លិន រួមទាំងមានអាការឈឺពើតនៅត្រង់ក្តោងច្រមុះ និងថ្ពាល់ ឈឺករ៉ាំរ៉ៃ និងអាការឈឺងឿងក្បាលទៀតផង៕