រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះរឿងរ៉ាវអាស្រូវផ្អើលពេញប្រទេសករណី ​គ្រូ​នៅ​សាលា​សន្ធរម៉ុក ដេញសិស្សចេញក្រៅថ្នាក់ បើអត់រៀនគួរ នឹងតម្រូវឲ្យសិស្សបង់លុយ១ខែ ៦ម៉ឺន ជាថ្លៃដឹងគុណគ្រូហើយនោះ ស្រាប់តែកាលពីម្សិលមិញនេះមន្ទីរអប់រំរាជធានីភ្នំពេញ ពិតជាបានរកឃើញថា គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុក ពិតជាបានទារប្រាក់ចំនួន៦ម៉ឺនរៀលក្នុងមួយខែពីសិស្សមែន ប៉ុន្តែសម្រាប់វិធានការលើគ្រូបង្រៀនរូបនោះ មន្ទីរថា នឹងសម្រេចបន្ទាប់ពីប្រជុំនៅថ្ងៃនេះតែម្ដង។

គួរបញ្ជាក់ដែលថា កាលពីពេល​ថ្មីៗនេះ ​ឪពុកម្តាយនិងអាណាព្យាបាល​សិស្សមួយ​ចំនួនដែល​រៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា គ្រូបង្រៀននៅសាលាមួយនេះបានបង្ខំឱ្យសិស្សរៀនគួរបន្ថែមម៉ោង និងដេញចេញក្រៅថ្នាក់ចំពោះសិស្សណាដែលមិនរៀនគួរ ហើយបានទារលុយពីសិស្សម្នាក់៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូជាដើម​។

យោងតាមហ្វេសប៊ុក ឈ្មោះ Buthoeun Ev បាន​បង្ហោះ​ឲ្យ​ដឹងថា «​កូនស្រី​ខ្ញុំ​ត្រូវបាន​អ្នកគ្រូ​សាលា​សន្ធរម៉ុក បណ្តេញ​ចេញពី​ថ្នាក់ តាម​សម្តី​អ្នកគ្រូ​បាន​និយាយថា បើ​មិន​រៀន​គួរ​ទេ ទៅរក​គ្រូ​រក​សាលា​ណា​រៀន​ផ្សេង​ទៅ នៅ​សាលា​សន្ធ​ម៉ុក បើ​មិន​រៀន​គួរ​ក៏ត្រូវ​បង់លុយ​ដឹងគុណ​គ្រូ​មួយខែ ៦០០០០៛ ដែរ sic តើ​ខ្ញុំរ​ស់បាន​ដល់​ពេលណា បើ​ខ្ញុំ​ខំ​រកលុយ​អោយ​កូន​រៀន​គួរ​មិនបាន​ផង​»​។​

​ក្រោយពី​បានឃើញ​អាណាព្យាបាល​ខាងលើ​បង្ហោះ​បែបនេះ ក៏​ស្រាប់តែ​អាណាព្យាបាល​ម្នាក់ទៀត ដែល​ក៏​ធ្លាប់​កូន​ទារលុយ​ទាក់ទង​នឹង​រឿង​ដូចនេះ​ដែរ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Srey Neth SreyNeth ក៏បាន​ទម្លាយ​ថា៖

«កូនប្រុស​ពៅ​ខ្ញុំ​រៀន​ថ្នាក់​ទី​៦ នៅ​សាលា​សន្ធរម៉ុក​ដែរ គ្រូ​ទារលុយ​៦​ម៉ឺន​រៀល តាំងពី​ថ្ងៃ​ចូល​រៀនទី​១ ខ្ញុំ​សួរថា​ថ្លៃ​អី​គេ​អ្នកគ្រូ គាត់​ថា វា​ជាការ​ដឹងគុណ​របស់​ឪពុកម្តាយ ចំពោះ​គ្រូ ដែល​គាត់​មើល​នឹង​បង្រៀន​កូន​យើង អុញ​…​ខ្ញុំ​គាំង​ម៉​ង ព្រោះ​ខ្ញុំ​អត់​ចង់​និយាយ​ច្រើន​ជាមួយ​គាត់ នៅមាន​ច្រើន​ទៀត ដែល​គាត់​និយាយ​មកកាន់​ខ្ញុំ អស់​អារម្មណ៍​គោរព​អា​លីង បន្ទាប់មកទៀត ទារលុយ​ម្នាក់​២​ម៉ឺន​រៀល ទិញ​កង្ហារ ហើយ​ថ្នាក់​គាត់ សិស្ស​សរុប​ជាង​៣០​នាក់​។ ខ្ញុំ​សុំ​សួរ​ដូច​ឆោត អា​រឿង​លុយ​ទិញ​កង្ហារ​ហ្នឹង គឺ​ទិញ​រាល់​ឆ្នាំ ឲ្យ​តែ​ពេល​ចូលរៀន​គឺ​ប្រមូល​ហើយ អត់​យល់​! នៅមាន​ទៀត មិនទាន់​អស់​ទេ យក​ពី​សិស្ស​១​ថ្ងៃ​៥០០​រៀល​ផ្សេងទៀត និង​រៃ​លុយ​ពី​សិស្ស​ម្នាក់​៥០០​រៀលរាល់​មួយអាទិត្យ​ម្តង ថ្លៃ​ទិញ​ទឹក​ជូន​អ្នកគ្រូ​ពិសារ ចា៎​……​នេះ​ចូលរៀន​អត់​ទាន់​ដល់​មួយខែ​ទេ ចាំមើល​តើ​ខែ​បន្ទាប់ៗ​នៅ​មានអី​កើតឡើង​ទៀត​…. ហើយ​សូមបញ្ជាក់​ផងដែរ អា​៦​ម៉ឺន​ថ្លៃ​ទឹកចិត្ត​ហ្នឹង គឺ​ជូន​ជា​រៀងរាល់ខែ ខក​បានតែ​ហាម​ខាន​។​ ​សុំ​បញ្ជាក់​មួយទៀត​: បើ​លុយ​រៀន​គួរ ខ្ញុំ​មិន​ថា​ទេ ព្រោះនេះ​ជា​រឿង​ធម្មតា ដែល​គាត់​បង្រៀន​កូន​យើង​បន្ថែម​ក្រៅពី​ម៉ោង​សិក្សា ជូន​ដោយ​ក្តី​គោរព​។​ ​លោកគ្រូ​អ្នកគ្រូ​​ប្រៀបដូចជា​ឪពុកម្តាយ​ទី​ពីរ​​ សូម​រក្សា​ភាពថ្លៃថ្នូរ​ ដើម្បី​ឲ្យ​សិស្ស​ដឹងគុណ​ទៅ​ថ្ងៃក្រោយ​»៕