រាជធានីភ្នំពេញ៖ អាជ្ញាធរ​ថៃ​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូល​ទៅ​ដឹកជញ្ជូន និង​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​រោង​ក្លឿ (Rong Kluea) ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ​ទៀត​នោះ​ទេ ចាប់ពី​ថ្ងៃអាទិត្យ ទី​១០ មករា តទៅ​។ អាជ្ញាធរ​ថៃ​ថា មូលហេតុ​នៃ​ការ​ផ្អាក​នេះ ព្រោះ​ថៃ​កំពុង​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ ជាថ្មី​ម្ដងទៀត។

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ឱ្យ​ដឹង​តាម​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​០៦ មករា ថា អាជ្ញាធរ​នឹង​ផ្អាក​ការ​បំពេញ​បែបបទ​សម្រាប់​ពលរដ្ឋ​ដែល​ចេញ​ចូល​ផ្សារ​រោងក្លឿ ចាប់​ពី​ទី៨ មករា នេះ​តទៅ​។ អាជ្ញាធរ​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អាជីវករ​កំពុង​ស្នាក់នៅ​ប្រទេស​ថៃ និង​នៅ​ក្នុង​ផ្សារ​រោងក្លឿ​ទាំងអស់ ចូលរួម​សហការ និង​អនុវត្ត​វិធានការ​នានា​របស់​រដ្ឋាភិបាល​ថៃ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ៕