បរទេស៖ ប្រទេសរុស្ស៊ី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចុះបញ្ជីវ៉ាក់សាំង COVID-19 ដែលត្រូវបានគេដាក់ឈ្មោះថា Sputnik V វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Gamaleya ហើយបច្ចុប្បន្នកំពុងធ្វើការសាកល្បងដំណាក់កាលទី៣ ។

សេវាកម្មសារព័ត៌មានសម្រាប់ប្រធានាធិបតី Lukashenko បានប្រកាសដោយដកស្រង់ការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយប្រធានាធិបតីពូទីន ថា ប្រទេសបេឡារុស្ស នឹងក្លាយជាប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង Sputnik V របស់រុស្ស៊ីប្រឆាំងនឹងមេរោគឆ្លង COVID-19​ ។

សារព័ត៌មានបាននិយាយទៀតថា “ប្រធានាធិបតីទាំងពីរ បានព្រមព្រៀងគ្នាថាពលរដ្ឋបេឡារុស្ស នឹងស្ម័គ្រចិត្តចូលរួមក្នុងការសាកល្បងវ៉ាក់សាំងដំណាក់កាលទី៣ ។ ដូច្នេះបេឡារុស្ សនឹងក្លាយជាប្រទេសទីមួយ ដែលនាំចូលវ៉ាក់សាំង COVID-19 ពីប្រទេសរុស្ស៊ី” ។

គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V គឺជាវ៉ាក់សាំងដំបូងគេប្រឆាំង នឹងវីរុស COVID-19 នៅលើពិភពលោក។ បង្កើតដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ​ និងក្រសួងការពារជាតិរុស្ស៊ីវ៉ាក់សាំងនេះត្រូវបានចុះបញ្ជីជាផ្លូវការដោយរដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃទី១១ ខែសីហា។ ការសាកល្បងវ៉ាក់សាំងដំណាក់កាលទី៣ ដែលមានការចូលរួមពីមនុស្សប្រមាណ២០០០នាក់ បច្ចុប្បន្នកំពុងដំណើរការ។ ក្រសួងសុខាភិបាលរុស្ស៊ីបាននិយាយថា Sputnik V បានឆ្លងកាត់ការត្រួតពិនិត្យចាំបាច់ទាំងអស់ហើយត្រូវបានបង្ហាញថា​មានសមត្ថភាពក្នុងការបង្កើតភាពស៊ាំប្រឆាំងនឹងវីរុសនេះ ៕
ប្រភព៖ Sputniknews