បរទេស៖ ម្តាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកូនស្រីអាយុ២៥ឆ្នាំម្នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង មុនពេលត្រូវបានគេរកឃើញថា ត្រូវគេសម្លាប់កប់សាកសពនៅក្នុងដីចំការស្វាយនៅក្នុងតំបន់អង្គអាង ស្រុកស្វែងហា ខេត្តអាងផង ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod

យោងតាមរបាយការណ៌របស់ប៉ូលីសបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ អង្គភាពប៉ូលីសបានទទួលដំណឹងពីពលរដ្ឋប្រទះឃើញសាកសពមនុស្សស្រីម្នាក់ ត្រូវបានគេសម្លាប់កប់នៅក្នុងរណ្ដៅដាំស្វាយ ដល់ពេលប៉ូលីសចុះទៅត្រួតពិនិត្យគឺពិតជាបានឃើញសាកសពនោះពិតមែន ដោយស្លៀកសំលៀកបំពាក់ពាក់អាវយឺតដៃខ្លីពណ៌ត្នោត ស្លៀកខោខ្លីរូបផ្កា ដែលជនរងគ្រោះមានឈ្មោះវនិដា អាយុ២៥ឆ្នាំ សាកសពគឺជានារីម្នាក់ ដែលត្រូវម្ដាយដាក់ពាក្យបណ្ដឹងថាបាត់ខ្លួនចំនួន២ថ្ងៃមកហើយ។

តាមការសាកសួរអ្នកស្រីប៊ុនជូ អាយុ៤៧ឆ្នាំ ដែលត្រូវជាម្ដាយរបស់ជនរងគ្រោះបាននិយាយថា កូនស្រីគាត់ធ្វើការនៅរោងចក្រមួយក្នុងខេត្តអយុធ្យា ហើយបានស្នាក់នៅផ្ទះជាមួយបុរសឈ្មោះម៉ិក អាយុ៣២ឆ្នាំ ដែលត្រូវជាប្ដីជនរងគ្រោះ កាលពីថ្ងៃទី ១៦ ខែសីហាកន្លងទៅ។ ក្រោយទទួលដំណឹងកូនស្រីបានបាត់ពីផ្ទះ ដោយមានការព្រួយបារម្ភម្ដាយក៏បានទៅរាយការណ៍អំពីការបាត់ខ្លួននៅឯប៉ុស្តិ៍ប៉ូលិស ដោយទន្ទឹមនឹងនោះគឺបុរសជាឪពុកក្មេក រួមទាំងកូនប្រសាបែរជាមិនរវល់ខ្វាយខ្វល់ទាក់ទងមក ដោយមិនអាចរកឃើញកូនស្រីរបស់ខ្លួន រហូតដល់ថ្ងៃទី២០ ខែសីហា ទើបគេប្រទះឃើញគេសាកសពត្រូវបានគេសម្លាប់ និងយកទៅបញ្ចុះនៅតាមចង្អូរចំការស្វាយ។

នៅក្នុងករណីឃាតកម្មនេះដែរ ស្រ្ដីជាម្ដាយបានដាក់ការសង្ស័យទៅលើបុរសជាប្ដីជនរងគ្រោះ នឹងឪពុកក្មេកថាជាជនដៃដល់ ដោយសារតែការប្រច័ណ្ឌខ្លាំងឈានដល់ការធ្វើទុក្ខបុកម្នេញកូនស្រីរហូតដល់ស្លាប់ ទើបយកសពកូនស្រីកប់នៅក្នុងចំការស្វាយដើម្បីបំបាត់ភ័ស្ដតាងចោល។

លុះមកដល់ថ្ងៃទី២១​ ខែសីហា ឆ្នាំ២០២០ ប៉ូលីសក៏បានបើកការស៊ើបអង្កេតទៅលើករណីឃាតកម្មដ៏ព្រៃផ្សៃនេះ រួចក៏បានកោះហៅឪពុកក្មេកមកធ្វើការសួរនាំ ដោយបុរសជាឪពុកក្មេកបានយល់ព្រមសារភាពថា ខ្លួនពិតជាបានសម្លាប់នាងពិតមែន ដោយកាលពីថ្ងៃទី១៧ ខែសីហា បុរសជាឪពុកបានទទួលទូរស័ព្ទពីកូនប្រុសថា ខ្លួនបានជ្រុលដៃសម្លាប់ប្រពន្ធហើយ ដោយឲ្យឪពុកមកផ្ទះខ្លួនឲ្យលឿនដើម្បីយកសាកសពទៅកប់បំបាត់ភ័ស្ដតាង រួចគេចខ្លួនបាត់ទៅ។

ក្រោយពីធ្វើការសាកសួរដឹងរឿងអស់ហើយ លោកវរសេនីយ៍ទោមង្គល បានមានប្រសាសន៍ថា ហេតុការណ៍នេះជាអំពើឃាតកម្មដ៏សាហាវបំផុត ហើយបានអោយបុគ្គលិកស៊ើបអង្កេតជំរុញឱ្យធ្វើការស៊ើបអង្កេត និងពង្រីកលទ្ធផលសាកសពរបស់អ្នកស្លាប់ត្រូវបានយកទៅវិទ្យាស្ថានដើម្បីធ្វើកោសល្យវិច្ច័យ។ ជាមួយគ្នានោះដែរ លោកក៏បានបញ្ជាឲ្យប៉ូលីសគ្រប់ជាន់ថ្នាក់រៀបចំកម្លាំងតាមចាប់ជនសង្ស័យជាប្ដីឲ្យបានលឿនបំផុត ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕