រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញអំពាវនាវទៅប្រជាពលរដ្ឋកុំជ្រួលច្របល់នាំគ្នាទៅទិញទំនិញតាមពាក្យចចាមអារ៉ាម ដោយថា ពលរដ្ឋកម្ពុជាមិនមានទាន់មានអ្នកឈឺដោយសារ វីរុស Covid-19នៅឡើយ ទោះបីវីរុសនេះ កំពុងរាតត្បាតនៅទូទាំងពិភពលោកក៏ដោយ។

ក្នុងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី០៦ ខែមីនាឆ្នាំ២០២០ឱ្យដឹងថា រយៈពេលពីរកន្លងមកនេះ ប្រជាពលរដ្ឋបានសម្រុកទៅទិញទំនិញស្តុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ជាហេតុធ្វើឱ្យជនឆ្លៀតឱកាសនិយមដំឡើងថ្លៃទំនិញ ទាំងដែលស្បៀងអាហារនៅរាជធានីភ្នំពេញមិនបានប្រឈមនឹងខ្វះខាត ។

សេចក្ដីជូនដំណឹងដដែលថា  សាលារាជធានីឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធីបង្ការតាមការណែរបស់ក្រសួងសុខាភិបាល ដោយថា  ក្រសួងសុខាភិបាលក៏កំពុងត្រៀមទប់ស្កាត់ការចម្លង និងការរីករាយដាលវីរុសថ្មីនេះ។

លោក ម៉េ​ត មាស​ភក្តី ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ជឿជាក់​លើ​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាជាង​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​។ លោក​បន្តថា​៖«​ប្រជាពលរដ្ឋ គួរតែ​ព្យាយាម​ការពារ និង​ថែរក្សា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​វិញ​។ ការប្រុងប្រយ័ត្ន​ជាការ​ល្អ ប៉ុន្តែ​កុំ​ឲ្យ​ប្រុងប្រយ័ត្ន​ហួសហេតុ​ពេក ដែល​នាំគ្នា​ចំណាយ​ថវិកា​ទៅ​ទិញ​ស្បៀង​ទុក​»​។

សាលារាជធានីភ្នំពេញអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ឱ្យរក្សាភាពស្ងៀមស្ងាត់ និង ប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតី ដោយកុំជ្រួលច្របល់តាមពាក្យចចាមអារ៉ាម ដោយថា នៅកម្ពុជាមិនទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់បានចម្លងវីរុសកូវីដ១៩នៅឡើយ ៕