ខេត្តព្រះសីហនុ ៖ រថយន្តHYUNDAI មួយគ្រឿង មិនដឹងមូលហេតុអ្វី ស្រាប់ជ្រុលចង្កូតទៅបុកម៉ូតូជិះគ្នា៤នាក់ ឪពុកម្ដាយ និងកូនតូច២នាក់ បណ្ដាលឲ្យបុរសជាឪពុកស្លាប់ភ្លាមៗ ខណៈម្ដាយ របួសធ្ងន់ កូនៗរបួសស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះណ្ដាលគីឡូម៉ែត្រ១៤៧ និង១៤៨ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ។

ជនរងគ្រោះទាំង៤នាក់ រួមមាន ៖
១ ឈ្មោះ ឈៀង ប៊ុនធឿន អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែង។
២ ឈ្មោះ សាក់ សេង រងរបួស ធ្ងន់ ជាប្រពន្ធ។
៣ ឈ្មោះ ធឿន ធេប រងរបួសស្រាល ជាកូន។
៤ ឈ្មោះ ធឿន ធីម រងរបួសស្រាល ជាកូន ។
អ្នកទាំងបួនមានទីលំនៅ ភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
អ្នកបើកបររថយន្តរត់គេចខ្លួន។

យោងតាមសមត្ថកិច្ច បញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-8609 ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ។ លុះមកដល់ចំនុចខាងលើ បានរេចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉កក្នុងទិសដៅស្របគ្នា បណ្តាលឲ្យបុរសអ្នកបើកបរជាឪពុកបានស្លាប់នៅនឹងកន្លែង ។ ចំណែក ម្តាយរងរបួសធ្ងន់ធ្ងរ និងកូនចំនួន២នាក់របួសស្រាលផង។ ឯអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនរងគ្រោះទាំងបីនាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែក រថយន្ត និងម៉ូតូរ៉ឺម៉ក សមត្ថកិច្ច បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕