ខេត្តកំពង់ធំ ៖ យុវជន៣នាក់ ខណៈផឹកស្រាស្រវឹងនាំគ្នាចុះទូកទៅដាក់មងក្នុងបឹង ចៃដន្យស្រាប់តែខ្យល់បក់បោកខ្លាំង ធ្វើឲ្យលិចទូក បណ្ដាលឲ្យយុវជនម្នាក់លង់ទឹកស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា១៩និង៣០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃស្រុក ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅតំបន់អូរអណ្តែង ក្នុងភូមិសាស្ត្រឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អាត កវី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសូរីយា ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ។
តាមការបំភ្លឺ ឈ្មោះ ណាង ធារិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល១៩និង៣០នាទី រូបគេជាមួយ ឈ្មោះ លន លឹម ភេទប្រុស អាយុ២២ឆ្នាំ និងជនរងគ្រោះ ឈ្មោះ អាត កវី ផឹកស្រាស្រវឹង រូចនាំគ្នាអុំទូកទៅដាក់មងនៅតំបន់ខាងលើ ។

លុះពេលអុំទូកត្រឡប់មកផ្ទះ ស្រាប់តែខ្យល់បក់ខ្លាំង ធ្វើឲ្យទឹកលិចទូក ពេលនោះខ្លួនខំស្ដារទូក ចំណែកអ្នកទ២ទៀត បានហែលទឹកទៅឆ្ងាយពីកន្លែងលិចទូកនោះ ។ បន្តិចក្រោយមក ស្រាប់តែឮសំឡេង ឈ្មោះ អាត កវី ស្រែកឲ្យជួយ ភ្លាមនោះខ្លួនបានហែលទៅជួយដែរ តែហែលទៅជួយទាញជនរងគ្រោះ បានប្រហែល១០ម៉ែត្រហត់ខ្លាំងពេក ក៏បានទុកជនរងគ្រោះចោល ហើយខំហែលមកដីគោកវិញ ។ ឈ្មោះ លន លឹម ហែលទៅដល់លើគោក បានទៅហៅបងប្អូនឲ្យមកជួយរកជនរងគ្រោះ តែរកមិនឃើញ ។ រហូតដល់វេលាម៉ោងប្រហែល១៣និង១៤នាទីថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ២០១៩ ទើបរកឃើញសាកសព។

ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាលស្រុក និងកម្លាំងប៉ុស្ដិ៍តាំងក្រសៅ ចុះទៅពិនិត្សាកសព ឃើញមានឈាមហូរចេញពីរន្ធច្រមុះ លាយជាមួយលំអងដី និងពោះហើមតឹង បានសន្និដ្ឋានបានថា ជនរងគ្រោះ ស្លាប់ដោយសារលង់ទឹកខ្លួនឯង មិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕