តារាចម្រៀង ចិត្ត កញ្ចនា បានបង្ហាញការអាក់អន់ចិត្តនិងកំពុងប្រឈមនឹងការធ្លាក់ទឹកចិត្តបន្ទាប់ពីចំណាយថវិកាច្រើនក្នុងការផលិតចម្រៀងប៉ុន្តែលទ្ធផលដែលទទួលបានគឺមិនសូវទទួលបានការគាំទ្រពីទស្សនិកជនឡើយ។

ថ្មីៗនេះតារាចម្រៀង Original Song ចិត្ត កញ្ចនា ម្ចាស់បទ «Messing You» ដែលធ្លាប់តំណាងកម្ពុជាចូលរួមមហោស្រព Round Festival 2024 បានបង្ហាញអារម្មណ៍ក្នុងចិត្តជាសាធារណៈប្រាប់ពីរឿងទុក្ខលំបាករបស់ខ្លួន។ តារាចម្រៀងរូបនេះថាសព្វថ្ងៃនាងមិនលំបាកក្នុងការផលិតចម្រៀង ភ្លេង ឬគំនិតច្នៃប្រឌិតផ្សេងៗឡើយ ប៉ុន្តែអ្វីដែលពិបាកគឺឱ្យទស្សនិកជនបានស្តាប់នូវអ្វីដែលនាងបានធ្វើ។

ចិត្ត កញ្ចនា ថាគណនីរបស់នាងមានអ្នកតាមដានជាង១០០K ប៉ុន្តែនៅពេលបង្ហោះគឺទទួលបានការទស្សនាតែ១០០ ឬ២០០ Views ធ្វើឱ្យនាងគ្មានទឹកចិត្តក្នុងការបង្ហោះឡើយ។ អ្វីដែលធ្វើឱ្យ កញ្ចនា មានការបាក់ទឹកចិត្ត នាងពន្យល់ថាអ្នកធ្វើមាតិកាផ្សេងៗ គាត់មាន concept ថតគឺទាញទូរសព្ទមកថតបញ្ចេញសមត្ថភាពរបស់ខ្លួនដោយពេលខ្លះមិនចំណាយថវិកាឡើយ ប៉ុន្តែចំពោះនាងវិញត្រូវលើកទូរសព្ទមកថត បញ្ចេញសមត្ថភាពដូចគ្នា ហើយត្រូវចាយលុយលើ Content ទៀតទើបអាចឱ្យទស្សនិកជនបានមើល។.png)
ម្ចាស់បទ «អ្នកដទៃ» ថាអ្វីដែលនាងចាយលុយគឺនៅពេលធ្វើចម្រៀងក្នុង១បទយ៉ាងហោចណាស់ក៏ត្រូវចំណាយ១០០០ដុល្លារដែរ ប៉ុន្តែនៅពេលបង្ហោះគឺទទួលបានការទស្សនា ១០០ ,២០០ ឬ ៣០០ Views ហើយបទខ្លះថែមទាំងមិន Reach ទៅដល់អ្នកស្តាប់ទៀត។ ក្នុងនាមជាសិល្បករដែលខំចាយពេល ចាយកម្លាំង ចាយលុយ ចិត្ត កញ្ចនា ថាពេលខ្លះមិនសមនឹងតម្លៃដែលនាងខំប្រឹង ហើយពេលនេះនាងកំពុងប្រឈមនឹងការបាក់ស្បាតក្នុងការបង្ហោះដែរ។ ចិត្ត កញ្ចនា ក៏បានស្នើឱ្យទស្សនិកជនផ្តល់ជាគំនិតយោបល់ឱ្យនាងតើគួរធ្វើយ៉ាងណាដើម្បីឱ្យទស្សនិកជនបានឃើញពីអ្វីដែលនាងធ្វើ។
បន្ទាប់ពីរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនអ្នកគាំទ្រមួយចំនួនបានលើកទឹកចិត្តតារាចម្រៀង ចិត្ត កញ្ចនា និងបានបញ្ចេញមតិថានាងគួរតែមានគណនីមានផ្សេងទៀតដើម្បីបន្ថែមទៅលើគណនីបច្ចុប្បន្នដែលបង្ហោះទៅពុំបានដល់ទស្សនិកជន៕










