ប្រមាណ១៤ ឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនដ៏សំខាន់លើឆាកអឺរ៉ុបជាលើកដំបូង និងក្រោយពេលមួយទសវត្សរ៍ដែលក្រុមបានឆ្លងកាត់ការបំពេញកាតព្វកិច្ចយោធា ការចាកចេញរបស់សមាជិក និងរឿងអាស្រូវផ្លូវច្បាប់ក្រុមចម្រៀងកូរ៉េខាងត្បូង BIGBANG បានត្រឡប់មកសម្តែងនៅទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ នៅកីឡដ្ឋាន Tottenham Hotspur Stadium ដែលជាផ្នែកមួយនៃដំណើរទេសចរណ៍ពិភពលោកអបអរខួប ២០ ឆ្នាំរបស់ក្រុម។

ការប្រគំតន្ត្រីនេះមានសមាជិក ៣ នាក់ គឺ G-Dragon, Taeyang និង Daesung ហើយបានទាក់ទាញអ្នកគាំទ្រជាច្រើនជំនាន់ ចាប់ពីអ្នកគាំទ្រដែលស្គាល់ក្រុមតាំងពីដើម រហូតដល់អ្នកគាំទ្រ Gen Z។ BIGBANG ត្រូវបានចាត់ទុកថាជាក្រុមត្រួសត្រាយផ្លូវមួយរបស់ K-pop ទៅកាន់ទីផ្សារអន្តរជាតិ។ 
មុនពេល BTS និង Blackpink ទទួលបានភាពល្បីល្បាញនៅលោកខាងលិច BIGBANG បានបង្ហាញរួចហើយថា K-pop អាចទទួលបានជោគជ័យនៅក្រៅអាស៊ី។ក្នុងឆ្នាំ ២០១១ BIGBANG បានក្លាយជាក្រុម K-pop ដំបូងគេដែលឈ្នះពានរង្វាន់តន្ត្រីធំមួយនៅលោកខាងលិច នៅពេលពួកគេទទួលបានពាន Worldwide Act ដែលទើបត្រូវបានបង្កើតឡើងនៅកម្មវិធី MTV Europe Music Awards។
នៅពេលពួកគេបង្ហាញខ្លួននៅអឺរ៉ុបជាលើកដំបូងនៅ Wembley Arena ក្នុងខែធ្នូ ឆ្នាំ ២០១២កម្មវិធីទីពីរត្រូវបានបន្ថែមភ្លាមៗ បន្ទាប់ពីសំបុត្រកម្មវិធីដំបូងលក់អស់ក្នុងរយៈពេលតិចជាង ២ ម៉ោង។
.png)
ពួកគេបានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវសម្រាប់ជំនាន់ K-pop មួយ ដែលបង្ហាញថា ការឆ្លងកាត់ព្រំដែន និងទទួលបានភាពល្បីល្បាញជាសកល គឺពិតជាអាចកើតឡើងបាន។
ក្នុងឆ្នាំ ២០១៦ ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា BIGBANG រកចំណូលបានប្រមាណ ៤៤ លានដុល្លារក្នុងរយៈពេលមួយឆ្នាំមុននោះដែលធ្វើឱ្យពួកគេក្លាយជាសិល្បករ K-pop ដំបូងគេដែលមានឈ្មោះក្នុងបញ្ជី Celebrity 100 របស់ Forbes។ លោកស្រី Haekyung Um អ្នកបង្រៀនជាន់ខ្ពស់ផ្នែកតន្ត្រីនៅសាកលវិទ្យាល័យ Liverpool បាននិយាយថា BIGBANG បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យ K-pop ទទួលបានការទទួលស្គាល់នៅទីផ្សារពិភពលោក។ លោកស្រីបានចាត់ទុក Big Bang ថាជា «ស្តេច K-pop» ដោយប្រៀបធៀបនឹងការដែល Michael Jackson ត្រូវបានគេចាត់ទុកថាជា «ស្តេចចម្រៀងប៉ុប»។
.png)
ក្រុមនេះក៏ល្បីដោយសារការចូលរួមផលិតតន្ត្រីដោយខ្លួនឯង ការលាយបញ្ចូល Hip-hop, R&B និង Electronic និងការបង្កើតអត្តសញ្ញាណម៉ូដផ្ទាល់ខ្លួន។ ពួកគេក៏បានជួយបង្កើតវប្បធម៌ Lightstick របស់អ្នកគាំទ្រក្នុងទម្រង់មកុដពណ៌លឿង។ ទោះជាយ៉ាងណាដំណើររបស់ BIGBANG ក៏បានឆ្លងកាត់បញ្ហាជាច្រើន រួមមានការបំពេញកាតព្វកិច្ចយោធា ការចាកចេញរបស់ T.O.P និង Seungri និងរឿងអាស្រូវដែលពាក់ព័ន្ធនឹងសមាជិកមួយចំនួន។
ការត្រឡប់មកវិញនៅទីក្រុងឡុងដ៍បានបង្កើតអារម្មណ៍យ៉ាងខ្លាំង ជាពិសេសនៅពេលបទ Still Life ត្រូវបានសម្តែង ដោយសំឡេងដែលបានថតទុកជាមុនរបស់ T.O.P ក៏ត្រូវបានបញ្ចូលក្នុងការសម្តែងផងដែរ។ សម្រាប់អ្នកគាំទ្រការត្រឡប់មកវិញរបស់ BIGBANG មិនត្រឹមតែជាការជួបជុំឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកពីក្រុមដែលបានជួយបើកផ្លូវឱ្យ K-pop ឈានទៅកាន់ឆាកពិភពលោក៕










